ខេត្តសៀមរាប៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត ត្រូវបានរៀបចំឡើង ដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តសៀមរាប។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្តសៀមរាប នាយក-នាយករងរដ្ឋបាលខេត្ត និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត សរុបប្រមាណ៦០រូប។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ មានរយៈពេលពេញ១ថ្ងៃដែលប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមយ៉ាងផុសផុសពីសមាជិកសមាជិកាទាំងអស់។ ក្នុងពិធីបើកកិច្ចប្រជុំ សមាជិកសមាជិកានៃកិច្ចប្រជុំ មានកិត្តិយសដោយបានស្តាប់នូវមតិស្វាគមន៍របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណអភិបាលខេត្តសៀមរាប និងមតិសំណេះសំណាលបើកកិច្ចប្រជុំរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ បន្ទាប់មក សមាជិកសមាជិកាទាំងអស់ក៏បានស្តាប់នូវបទបង្ហាញសំខាន់ៗចំនួន០៤ គឺ៖ ទី១- បទបង្ហាញដោយ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ស្តីអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទី២- ការចែករំលែកបទពិសោធន៍នៃការប្រើប្រាស់កម្មវិធីព័ត៌ព័ត៌មានវិទ្យាផ្តល់សេវាផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តស្វាយរៀង ទី៣- ការចែករំលែកបទពិសោធន៍បទនៃការគ្រប់គ្រង និងផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ធំ ទី៤- ការចែករំលែកបទពិសោធន៍ នៃការគាំទ្រដល់ការអនុវត្តយន្តការច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ។
នៅពេលរសៀល កិច្ចប្រជុំនេះត្រូវបានបែងចែកជាក្រុមដើម្បីពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាប្រឈមក្នុងការផ្តល់សេវា ការរៀបចំការផ្តល់សេវាតាមប្រព័ន្ធអនឡាញ និងការរៀបចំយន្តការច្រកចេញចូលតែមួយថ្នាក់ឃុំ សង្កាត់។
មុនពេលបញ្ចប់កិច្ចប្រជុំនេះ សមាជិកសមាជិកាទាំងអស់បានស្តាប់នូវប្រសាសន៍បិទកិច្ចប្រជុំរបស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។ ឯកឧត្តម បានកោតសរសើរចំពោះការចូលរួមដ៏មានតម្លៃរបស់ឯកឧត្តម អស់លោក លោកស្រីទាំងអស់ដែលជាសមាជិកសមាជិកចូលរួមក្នុងកិច្ចប្រជុំរយៈពេលមួយថ្ងៃនេះ ជាពិសេសការខិតខំយកចិត្តទុកដាក់អនុវត្តការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងដំណើរការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសកម្ពុជា។
ជាចុងក្រោយ ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកានៃកិច្ចប្រជុំដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចតទៅ ៖
១. រដ្ឋបាលរាជធានី ខេត្តត្រូវបន្តពង្រឹងកិច្ចសហការ និងការសម្របសម្រួលជាមួយមន្ទីរ អង្គភាពជំនាញដើម្បីជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវា និងត្រូវផ្ដល់លទ្ធផលសម្រេចជូនប្រជាពលរដ្ឋតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់។
២. រដ្ឋបាលរាជធានី ខេត្តត្រូវគ្រប់គ្រងចំណូលដែលបានពីការផ្ដល់សេវារដ្ឋបាលឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន
៣. រដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងជំរុញឱ្យមន្ត្រីពាក់ព័ន្ធមួយចំនួនត្រូវប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះឱ្យបានពេញលេញ ដើម្បីអាចតាមដានចរន្តឯកសារនៃការផ្តល់សេវាបានច្បាស់លាស់ ព្រមទាំងឈានទៅរកការផ្តល់សេវាតាមប្រព័ន្ធអនឡាញ
៤. រដ្ឋបាលរាជធានី ខេត្តត្រូវជួយគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាទៀងទាត់លើការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំ សង្កាត់ ដែលស្ថិតក្នុងដែនដីរបស់ខ្លួន