News Detail

កិច្ចប្រជុំគណ:គ្រប់គ្រងគម្រោងសាលាអភិបាលកិច្ច ប្រចាំឆ្នាំ២០២១

Resource: OWSO

នាព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកបួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណ:គ្រប់គ្រងគម្រោងសាលាអភិបាលកិច្ចប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណ:គ្រប់គ្រងគម្រោងសាលាអភិបាលកិច្ច និងជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ រៀបចំ និងសម្របសម្រួលដោយអង្គការតម្លាភាពកម្ពុជា(TIC) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាសមាជិកគណៈគ្រប់គ្រងគម្រោងសាលាអភិបាលកិច្ច និងអ្នកពាក់ព័ន្ធរួមមាន៖ ថ្នាក់ដឹកនាំនាយកដ្ឋានសុចរិតភាព និងអភិបាលកិច្ច ថ្នាក់ដឹកនាំនាយកដ្ឋានបណ្តុះបណ្តាល ថ្នាក់ដឹកនាំ ព្រមទាំងតំណាងអង្គការអាក់សិនអេតកម្ពុជា(Actionaid) សរុបប្រមាណ២២រូបផងដែរ។

កិច្ចប្រជុំនេះមានរយ:ពេលពេញមួយព្រឹក ដែលរៀបចំឡើងក្នុងគោលបំណងដើម្បី៖
– បង្ហាញជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២១
– ពិនិត្យមើលផែនការសកម្មភាពរបស់គម្រោងសម្រាប់ឆ្នាំ២០២២
– បង្ហាញពីដំណើរការនៃការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃដើម្បីប្រមូលព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋទាក់ទងនឹងការផ្តល់សេវាសាធារណៈ
– ស្នើសុំអនុសាសន៍លើក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុវិស័យ និងទិសដៅជាយុទ្ធសាស្រ្តរបស់គម្រោង។
សូមបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយអង្គការតម្លាភាពកម្ពុជាចំនួន០២លើកគឺៈ លើកទី០១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ និងលើកទី០២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដើម្បីគាំទ្រលើសកម្មភាពសំខាន់ៗមួយចំនួនរបស់ក្រសួងមហាផ្ទៃ ក្នុងការជួយលើកកម្ពស់អភិបាលកិច្ចល្អនៅកម្ពុជាផងដែរ។

អត្ថបទដោយ៖ ច.ជ

Recently News