News Detail

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តចំនួន០៣ ត្រូវបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីជាការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២២ និងទទួលរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

Published Date: February 18, 2023

Resource: OWSO

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានប្រគល់វិញ្ញាបនបត្រទទួលស្គាល់ជ័យលាភីជាការិយាល័យប្រជាពលរដ្ឋឆ្នើមប្រចាំឆ្នាំ២០២២ និងផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋនៃខេត្តចំនួន០៣ក្នុងចំណោមការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥។
ពិធីប្រកាសជ័យលាភី និងរង្វាន់លើកទឹកចិត្តជូនដល់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមនេះ បានប្រព្រឹត្តទៅនៅក្នុងឳកាសបិទសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) នាសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងសមាជិកសមាជិកាដែលអញ្ជើញមកពីរាជធានី ខេត្តទាំង២៥ សរុបចំនួន ៥៥៥រូប។
ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង០៣ ដែលទទួលជ័យលាភីការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមសម្រាប់ឆ្នាំ២០២២នេះ គឺ
១. ការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ចាម
២. ការិយាល័យប្រជាពលរដ្ឋខេត្តបាត់ដំបង
៣. ការិយាល័យប្រជាពលរដ្ឋខេត្តកណ្ដាល
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីគម្រោងសាលាអភិបាលកិច្ច បានរៀបចំការវាយតម្លៃលើការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តនេះ គឺ មានគោលបំណងជំរុញ លើកទឹកចិត្ត និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទីនៅក្នុងការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ការរៀបចំការវាយតម្លៃជ្រើសរើសការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តឆ្នើមនេះ ត្រូវបានអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃប្រកាសនៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងទទួលបានការឯកភាពពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
​ ​​​      

Recently News