News Detail
វគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
Published Date: April 24, 2019
Resource: OWSO
ខេត្តកំពត៖ នាព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីបែបបទ និងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត នៅសាលប្រជុំសាលាខេត្តកំពត។


វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ វរិន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមអភិបាលរងខេត្តកំពត ឯកឧត្តម ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ លោកប្រធាននាយកដ្ឋានមុខងារ និងធនធាន និងតំណាងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរ ព្រមទាំងសិក្ខាកាម ចំនួន៣៧នាក់ ដែលជាប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីខេត្តទាំង១២គោលដៅដែលរួមមានរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ និងប្រធានផ្នែកទាំងពីរចំណុះឱ្យការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត។ ជាមួយគ្នានេះដែរ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដូចជា៖ * ឱ្យសិក្ខាកាមយល់ឱ្យបានច្បាស់អំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត * មានចំណេះដឹងអំពីបែបបទ នីតិវិធីនៃការទទួល សម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត * មានចំណេះដឹងបន្ថែមលើច្បាប់ប្រឆាំងអំពើពុករលួយ និងការគ្រប់គ្រងរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ស៊ វរិន បានជម្រាបជូនសិក្ខាកាមថា ដោយរាជរដ្ឋាភិបាលបានយល់ឃើញថា យុទ្ធសាស្រ្ដ ចតុកោណ ជាពិសេសគោលដៅសំខាន់សម្រាប់បង្កើនកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅតែចាំបាច់សម្រាប់កម្ពុជាអនុវត្ត នៅក្នុងនីតិកាលទី៦ ឆ្នាំ២០១៨-២០២៣។ ផ្អែកលើសមិទ្ធផលដែលទទួលបាន រាជរដ្ឋាភិបាល បន្តរក្សាជំហរយ៉ាងមុតមាំ និងបន្ដជំរុញល្បឿនការដ្ឋានកែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជាពិសេសកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ត្រូវបន្ដអនុវត្តឱ្យកាន់តែមានលក្ខណៈទូលំទូលាយនិងស៊ីជ្រៅថែមទៀត ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាអ្នកផ្ដល់សេវាដ៏មានប្រសិទ្ធភាពនិងជាដៃគូអភិវឌ្ឍដែលអាចទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ យុទ្ធសាស្រ្ដគន្លឹះនៃកម្មវិធីកែទម្រង់សាធារណៈ ផ្ដោតសំខាន់លើ (១).ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ (២).ការកែលម្អការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស និង(៣). ការកែទម្រង់ប្រព័ន្ធបៀតវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្ដីរាជការ។ ដើម្បីធ្វើការពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ គឺមានចង្កោមសកម្មភាពចំនួន៧ ដែលក្នុងនោះមានចង្កោមសកម្មភាពទី៦ ដែលនិយាយអំពីការដាក់ចេញនូវយន្ដការផ្ដល់ព៌តមានត្រលប់ និងបណ្ដឹងតវ៉ារបស់អ្នកប្រើប្រាស់សេវាសាធារណៈទៅនឹងភាពមិនប្រក្រតី ឬកំហុសរបស់បុគ្គលិកដែលបំពេញការងារក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន ការិយាល័យប្រជាពលរដ្ឋ ដែលជាយន្ដការមួយដ៏មានសារៈសំខាន់ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការសម្រេចចិត្ត និងការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាកប្បកិរិយារបស់មន្រ្ដីដែលផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

ក្នុងវគ្គបណ្តុះបណ្តាលស្តីអំពីបែបបទ និងនីតិវិធី នៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តនាពេលនេះ ពិតមែនតែកម្មវិធីមានរយៈពេល៣ថ្ងៃ ប៉ុន្តែតាមខ្លឹមសារ និងប្រធានបទ បើសិក្ខាកាមក្នុងវគ្គមិនបានយកចិត្តទុកដាក់ មិនបានស្វែងយល់ ពិភាក្សាឱ្យ បានល្អិតល្អន់ ឬមិនបានសួរនាំគ្រូឧទ្ទិសឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទេ នៅពេលយកទៅអនុវត្តប្រាកដជានៅមានចំណុចខ្វះខាតក្នុងដំណើរការនៃការដោះស្រាយ និងសម្រុះសម្រួលបណ្តឹងរបស់ប្រជាពលរដ្ឋ។ ហេតុនេះ ប្រធាន អនុប្រធានការិយាល័យនីមួយៗគួរយកចិត្តទុកដាក់លើវគ្គបណ្តុះបណ្តាលនេះ ព្រោះវគ្គបណ្ដុះបណ្ដាលនេះអាចបង្កើននៅចំណេះ ដើម្បីធ្វើជាទន់សម្រាប់ អនុវត្តការងារសិក្ខាកាមឱ្យកាន់តែទទួលបានជោគជ័យ។

ជាទីបញ្ចប់ និងជាថ្មីម្តងទៀត សូមគោរពថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារក្រសួង និងលោក លោកស្រី ដែលជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីបែបបទ និងនីតិវិធី នៃការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹង ខិតខំយកចិត្តទុកដាក់ជួយពង្រឹងសមត្ថភាពក្នុងភារកិច្ចរបស់ខ្លួន នៃរដ្ឋបាលរាជធានី ខេត្តទាំង១២ ឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក៏ដូចការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។