News Detail
ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុក ខណ្ឌគោលដៅថ្មីចំនួន៣១បន្ថែមទៀត នឹងដាក់ឱ្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅចុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩នេះ
Published Date: October 16, 2019
Resource: OWSO
ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៃស្រុកចំនួន២៩ និងខណ្ឌគោលដៅថ្មីចំនួន២ នឹងដាក់ឱ្យដំណើរការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅចុងត្រីមាសទី៤ ក្នុងឆ្នាំ២០១៩នេះ បន្ថែមលើការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋចំនួន៨៣ក្រុង ស្រុក ខណ្ឌគោលដៅដែលបាននឹងកំពុងដំណើរការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋរួចហើយ។ នេះជាប្រសាសន៍របស់ឯកឧត្តម ឡុង សឿងសុភ័គ ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នៅព្រឹកថ្ងៃ១៦ ខែតុលា ឆ្នាំ២០១៩។
វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល (DAR) ដោយមានសមាសភាពចូលរួមពី អភិបាល អភិបាលរង ប្រធាន អនុប្រធានការិយាល័យ មន្ត្រីជួរមុខ និងមន្ត្រីជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ នៃស្រុកគោលដៅថ្មីចំនួន១៥ស្រុក សរុបប្រមាណ២៤០នាក់។
ឯកឧត្តម ឡុង សឿងសុភ័គ បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃការរៀបចំបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋគឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលយកសេវាដែលពួកគាត់ត្រូវការចាំបាច់ប្រកបដោយតម្លាភាព និងទាន់ពេលវេលា។ បន្ថែមលើសពីនេះ ឯកឧត្តម បានលើកឡើងថាការិយាល័យច្រកចេញចូលតែមួយបានរួមចំណែកប្រមូលប្រាក់ចំណូលជូនជាតិតាមរយៈកម្រៃសេវាដែលទទួលបានពីការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ សម្រាប់ចំណូលដែលទទួលបាននេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋានតាមក្រុង ស្រុក ខណ្ឌនីមួយៗ។
គួរបញ្ជាក់ផងដែរថា ក្រៅអំពីការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥រាជធានី ខេត្តរួចហើយ ព្រមទាំងបង្កើតយន្តការច្រកចេញចូលតែមួយនៅតាមស្រុកដែលពុំទាន់មានលក្ខណះសប្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតជាការិយាល័យច្រកចេញចូលតែមួយបាន និងគ្រោងបង្កើតយន្តការច្រកចេញចូលតែមួយនៅតាមឃុំសង្កាត់ផងដែរ។
