News Detail

ការពង្រីកដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ

Resource: OWSO

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ មានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងដោយមានការចូលរួមពី ឯកឧត្តម បួន ហេង អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងតំណាងក្រុមហ៊ុន KESS Innovation Plc លោក លោកស្រីនាយករដ្ឋបាលខេត្ត នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកបេឡាដែលបានអញ្ជើញមកពីខេត្តគោលដៅចំនួន០៥ និងមន្ត្រី បុគ្គលិកពាក់ព័ន្ធ សរុបប្រមាណ ៣៨រូប។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានឯកភាពឱ្យក្រុមហ៊ុន KESS Innovation Plc ពង្រីកការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) សម្រាប់ការទូទាត់កម្រៃសេវានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តចំនួន០៥ គោលដៅបន្ថែមទៀត រួមមាន៖ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តកំពត។

កន្លងមក ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក ( KESS INNOVATION PLC) អនុវត្តសាកល្បងប្រព័ន្ធទូទាត់វិកយបត្រ (Payment Hub) នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន០៣រួចហើយ គឺ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប ដោយសារប្រព័ន្ធទូទាត់នេះមានលក្ខណៈទំនើប ទាន់សម័យ ព្រមទាំងផ្តល់ជម្រើសកាន់តែច្រើនដល់អ្នកស្នើសុំសេវាដែលអាចប្រើប្រាស់ប្រព័ន្ធធនាគារ ឬប្រព័ន្ធផ្ទេរប្រាក់ផ្សេងៗដែលខ្លួនមាន សម្រាប់ទូទាត់ប្រាក់ថ្លៃសេវា ប្រសិនបើអ្នកស្នើសុំសេវាមិនចង់ទូទាត់ជាសាច់ប្រាក់សុទ្ធនោះទេ ហើយម្យ៉ាងទៀតការទូទាត់តាមប្រព័ន្ធធនាគារត្រូវបានកត់ត្រា និងមានរបាយការណ៍ទូទាត់ច្បាស់លាស់។

Recently News