News Detail

កម្មវិធីវគ្គបណ្តុះបណ្តាលស្តីពី “អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈឆ្លើយតបនឹងតម្រូវការយេនឌ័រ”

Resource: OWSO

តបតាមការអញ្ជើញរបស់អង្គការតម្លាភាពកម្ពុជា និងដោយមានការអនុញ្ញាតពីលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ លោក ចន ជឿន មន្ត្រីនាយកដ្ឋានមុខងារ និងធនធាន បានចូលរួមធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលស្តីពី “អភិបាលកិច្ចល្អ និងការផ្តល់សេវាសាធារណៈឆ្លើយតបនឹងតម្រូវការយេនឌ័រ” លើប្រធានបទ “ទស្សនាទាន គោលការណ៌ និងស្តង់ដាក្នុងការផ្តល់សេវាសាធារណៈ” ដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្ទឹងសែន តាមរយៈកម្មវិធីZoom។
វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយអង្គការតម្លាភាពកម្ពុជា ដែលប្រពឹត្តិទៅមានរយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។ សមាសភាពសិក្ខាកាមដែលអញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាលរួមមាន៖ អភិបាលរងក្រុង សមាជិកក្រុមប្រឹក្សា ប្រធាន និងអនុប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ត្រីជួរមុខនិងជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ ក្រុងស្ទឹងសែន ព្រមទាំងតំណាងយុវជនសរុបចំនួន ៤៤រូបផងដែរ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន៖
១.ពង្រឹងប្រព័ន្ធអភិបាលកិច្ច និងលើកកម្ពស់អភិបាលកិច្ចល្អដល់មន្ត្រីនៃយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ
២.លើកកម្ពស់ការឆ្លើយតបយេនឌ័រនៅក្នុងការផ្តល់សេវាសាធារណៈ
៣.ពង្រឹងប្រព័ន្ធផ្តល់ព័ត៌មានពីការផ្តល់សេវាសាធារណៈ និងប្រព័ន្ធផ្តល់ព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋ តាមរយៈកម្មវិធីទូរស័ព្ទ (Mobile App)។

Recently News