ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម។
កិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ចើញចូលរួម ពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត នាយករដ្ឋបាល ប្រធានមន្ទីរពាក់ព័ន្ធ ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ការហិរញ្ញវត្ថុ ប្រធានការិយាល័យប្រជាពលរដ្ឋ អភិបាលក្រុង ស្រុក ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ៧០រូប។
គោលបំណងនៃកិច្ចប្រជុំតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនាពេលនេះ គឺដើម្បីផ្ដល់ការគាំទ្រ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដែលស្ថិតក្នុងសមត្ថកិច្ចរដ្ឋបាលខេត្ត ដោយផ្តោតលើចំណុចមួយចំនួន រួមមាន៖
១. វឌ្ឍនភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលអង្គភាពច្រកចេញចូលតែមួយ
២. ការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលខេត្តក្នុងការជំរុញ និងផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ច
៣. ការពិភាក្សាលើបញ្ហាប្រឈម និងសំណើសំណូមពរនានា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវា។