News Detail

វគ្គបណ្តុះបណ្តាលស្តីពីការធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ

Published Date: March 26, 2024

Resource: OWSO

ខេត្តតាកែវ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពីការធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធរយះពេល១ថ្ងៃ នៅសាលប្រជុំសាលាខេត្តតាកែវ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពពីឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម លី សាវេត អភិបាលរងនៃគណៈអភិបាលខេត្តកែវ និងលោក ជា វណ្ណារ័ត្ន ប្រធាននាយកដ្ឋានចំណូលថវិកានៃអគ្គនាយកដ្ឋានរតនគារជាតិ។
ពិធីនេះនេះមានការចូលរួមពីគ្រូបង្គោល ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ព្រមទាំងប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការហិរញ្ញវត្ថុ រជ្ជទេយ្យករចំណូល មន្ត្រីទទួលបន្ទុកការងារបេឡា នៃរដ្ឋបាលរាជធានី ខេត្តទាំង២៥ សរុបប្រមាណ១១៩រូប។
វគ្គបណ្តុះបណ្តាលនេះ រៀបចំក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ និងរបៀបត្រួតពិនិត្យលើទិន្នន័យដែលត្រូវបញ្ជូនទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS) និងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)។
នាពេលរសៀលថ្ងៃដដែលនោះ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល។ លោកអនុប្រធាននាយកដ្ឋានបានផ្តាំផ្ញើដល់សិក្ខាកាមដែលចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវចូលរួមអនុវត្តកម្មវិធីព័ត៌មានវិទ្យានេះតាមការបង្ហាត់បង្ហាញពីគ្រូបង្គោល។ ដោយឡែក ក្នុងករណីជួបបញ្ហាមិនអាចដោះស្រាយបាន សូមទំនាក់ទំនងមកក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងធ្វើការដោះស្រាយជូនទាន់ពេលវេលា។

Recently News