Ombudsman Office

Capital and Provincial Ombudsman Office

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត គឺជាយន្តការអព្យាក្រឹតមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលរាជធានី ខេត្តនីមួយៗសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់រាជធានី ខេត្ត។

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តត្រូវដឹកនាំដោយប្រធានមួយរូប និងអនុប្រធានមួយរូបជាជំនួយការ។

ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តត្រូវជ្រើសរើសឡើង រយៈការបោះឆ្នោតដោយគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ហើយត្រូវទទួលស្គាល់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមសំណើរបស់អភិបាលរាជធានី ខេត្តសាមី។

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តមានរចនាសម្ព័ន្ធដូចខាងក្រោម៖

  1. ផ្នែកទទួលពាក្យបណ្តឹងនិងកិច្ចការរដ្ឋបាល
  2. ផ្នែកច្បាប់និងស៊ើបអង្កេត។

ផ្នែកនីមួយៗត្រូវដឹកនាំដោយប្រធានមួយរូប និងមានអនុប្រធានយ៉ាងច្រើនពីររូប ព្រមទាំងបុគ្គលិកមួយចំនួន។ បុគ្គលិករបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តអាចជ្រើសរើសចេញពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬមន្ត្រីជាប់កិច្ចសន្យា។

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តមានតួនាទី ភារកិច្ចដូចខាងក្រោម៖

  • ទទួល និងប្រមូលពាក្យបណ្តឹងនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • សម្រាំង និងវាយតម្លៃពាក្យបណ្តឹងដែលទទួលបាន
  • បញ្ជូនពាក្យបណ្តឹងទាំងឡាយដែលមិនស្ថិននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៅស្ថាប័នមានសមត្ថកិច្ច និងតាមដានការដោះស្រាយដើម្បីជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹងវិញ
  • សម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ស៊ើបអង្កេតបណ្តឹងលើកអនុសាសន៍អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
  • ល់ព័ត៌មានត្រឡប់ដល់ប្រជាពលរដ្ឋអំពីលទ្ធផលនៃការដោះស្រាយបណ្តឹង
  • ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងយន្តការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដល់ប្រជាពលរដ្ឋ
  • រៀបចំយន្តការចាំបាច់នានាពាក់ព័ន្ធទៅនឹងដំណើរការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តមានសមត្ថកិច្ចសម្រុះសម្រួលដោះស្រាយ ស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងរដ្ឋបាលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួនពាក់ព័ន្ធ៖

  • សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់៖
    • សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញ សំដៅលើលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលនានាដែលរួមមាន៖ ដីកា សេចក្តីសម្រេច សេចក្តីណែនាំ សារាចរណែនាំ សេចក្តីជូនដំណឹង និងលិខិតផ្សេងៗទៀត។ ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត មានសមត្ថកិច្ចទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលពាក់ព័ន្ធនឹងសេចក្តីសម្រេចទាំងឡាយណាដែលផ្ទុយនឹងគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ឬដែលប៉ះពាល់អវិជ្ជមានដល់ផលប្រយោជន៍របស់បុគ្គល ឬសហគមន៍។
  • ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិក ក្រុមប្រឹក្សារាជធានី ខេត្ត បុគ្គលិកមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត និងភ្នាក់ងារទទួលសមត្ថកិច្ចដូចជា៖
    • ការមិនបំពេញការងារតាមពេលម៉ោងកំណត់
    • ការមិនអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់
    • ការមិនយកចិត្តទុកដាក់ក្នុងការបំពេញការងារ (ភាពខ្ជីខ្ជា និងធ្វេសប្រហែសនឹងការងារ)
    • ការមិនអនុវត្តតាមគោលការណ៍ ទម្រង់បែបបទ និងនីតិវិធីដែលបានកំណត់
    • ការមិនផ្តល់ព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងច្បាស់លាស់
    • ការប្រើប្រាស់ឥទ្ធិពលនៃមុខតំណែងរបស់ខ្លួនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
    • ការប្រើពាក្យសំដី កាយវិការមិនសមរម្យ រើសអើង គំរាកំហែង និងបំភិតបំភ័យ
    • ការមិនគោរពតាមចំណុចផ្សេងៗទៀតដែលមានកំណត់ក្នុងក្រមសីលធម៌វិជ្ជាជីវៈ។
  • ការគ្រប់គ្រងនិងការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាល រាជធានី ខេត្ត និងមន្ទីរ អង្គភាពជំនាញនៅថ្នាក់រាជធានី ខេត្ត
    • ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិដែលផ្ទុយនឹងគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់
    • ការប្រើប្រាស់មធ្យោបាយ សម្ភារ បរិក្ខារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឬក្រុមរបស់ខ្លួន
    • ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិគ្មានតម្លាភាព គ្មានគណនេយ្យភាព គ្មានសុចរិតភាព និងគ្មានសីលធម៌។
  • ការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពជំនាញនិងភ្នាក់ងារទទួលសមត្ថកិច្ច រួមមាន៖
    • ការផ្តល់សេវាសាធារណៈដែលផ្ទុយនឹងគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដា ដែលបានកំណត់ជាធរមាន
    • ការយកកម្រៃសេវាលើសពីការកំណត់
    • ការផ្តល់សេវាមិនស្របតាមពេលវេលាកំណត់
    • ការផ្តល់សេវាគ្មានតម្លាភាព គ្មានសុចរិតភាព និងគ្មានសមធម៌។

បញ្ជាក់៖ សមត្ថកិច្ចខាងលើនេះ មិនរាប់បញ្ជូលបណ្តឹងដែលពាក់ព័ន្ធនឹងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ អង្គភាពគយ ពន្ធដារ កាំកុងត្រូល ធនាគារជាតិ រតនាគារ គ្រឹះស្ថានសាធារណៈ និងមន្ត្រីរាជការដែលស្ថិតនៅក្រោមបទប្បញ្ញត្តិដោយឡែករបស់រាជរដ្ឋាភិបាលឡើយ។

ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ មកការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី ខេត្តមានសមត្ថកិច្ចដោយពុំមានបង់ថ្លៃសេវាឡើយ។ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិដាក់ពាក្យបណ្តឹង និងផ្តល់ព័ត៌មានផ្សេងៗទៅកាន់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តតាមមធ្យោបាយនានាដូចខាងក្រោម៖

  • អញ្ជើញទៅផ្ទាល់ដល់ទីកន្លែងបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋឬ
  • តាមទូរស័ព្ទឬតាមប្រព័ន្ធទូរស័ព្ទពិសេសឬ
  • តាមប្រអប់សំបុត្ររបស់ការិយាល័យប្រជាពលរដ្ឋ ឬ
  • តាមប្រព័ន្ធអេឡិចត្រូនិច។