OWSM

One Window Service Office (OWSO) at MDK and One Window Service Mechanism (OWSM) at district

ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ គឺជាអ្វី? ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២ សសរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៨ ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ ៩២៨ ប្រក ចុះថ្ងៃទី១២ ខែមិនា ឆ្នាំ២០០៩ ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង ស្រុក ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • លើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង ស្រុក ខណ្ឌឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។
  • កែលម្អការផ្តល់សេវារដ្ឋបាល កាត់បន្ថយអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។
  • លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ និងការរិះគន់ស្ថាបនាដើម្បីកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាល។
  • បង្ខិតរដ្ឋបាលឱ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញចូលតែមួយគឺជា

  • កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការចាំបាច់ ឱ្យបានទាន់ពេលវេលា មានតម្លាភាព និងតាមនីតិវិធីសាមញ្ញ
  • កន្លែងប្រមូលផ្តុំសេវារដ្ឋបាល និងនីតិវិធីរដ្ឋបាលមួយចំនួននៅកន្លែងតែមួយ
  • កន្លែងដែលអតិថិជនមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ
  • កន្លែងផ្តល់លទ្ធផលសម្រេចជាផ្លូវការលើសេចក្តីស្នើសុំដល់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានផ្នែកសំខាន់ពីរគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខត្រូវបានចាត់ទុកជាផ្នែកស្នូលនៃការិយាល័យច្រកចេញចូលតែមួយ ជាកន្លែងដែលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ដើម្បីមកទទួលសេវាកម្មពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្នែកជួរមុខមានបីក្រុម៖

  • ក្រុមទទួល ប្រគល់ឯកសារ និងផ្តល់ព័ត៌មាន៖មានភារកិច្ចទទួលពាក្យស្នើសុំ ប្រគល់ឯកសារ និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋដោយផ្ទាល់។
  • ក្រុមនីត្យានុកូលកម្ម៖ មានភារកិច្ចធ្វើនីត្យានុកូលកម្មឯកសារនិងត្រូវសម្រេចភ្លាមនៅផ្នែកជួរមុខតែម្តង។
  • ក្រុមទូទាត់ប្រាក់៖ មានភារកិច្ចទទួលកម្រៃសេវាកម្មរដ្ឋបាលនិងរក្សាបញ្ជីថ្លៃសេវាកម្មទាំងអស់។

ផ្នែកជួរមុខអាចបញ្ជូនប្រជាពលរដ្ឋដែលស្នើសុំសេវាទៅជួរក្រោយបានតែក្នុងករណីចាំបាច់ដើម្បីឱ្យអតិថិជននោះការពារជាពិសេសនូវទិន្នន័យឯកជនរបស់ខ្លួនតែប៉ុណ្ណោះ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម ដែលមាននីតិវិធីស្មុគស្មាញ និងស៊ាំញ៉ាំ ឬនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលា ដើម្បីពិនិត្យបច្ចេកទេស និងត្រូវសម្រេចបញ្ចប់ដោយផ្នែកជួរក្រោយរបស់ការិយាល័យច្រកចេញចូលតែមួយ ឬតម្រូវឱ្យសេវាកម្មនោះត្រូវសម្រេច និងបញ្ចប់ដោយសហការរវាងការិយាល័យច្រកចេញចូលតែមួយជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌក្នុងរយៈពេលមួយជាកំណត់។ មន្ត្រីរាជការ បុគ្គលិកទាំងអស់ត្រូវបំពេញការងារប្រកបដោយភាពរាក់ទាក់ រួសរាយចំពោះប្រជាពលរដ្ឋ។ ក្នុងការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អជាមួយប្រជាពលរដ្ឋ ការិយាល័យច្រកចេញចូលតែមួយត្រូវរៀបចំឱ្យមានកន្លែងរងចាំ កន្លែងផ្តល់ព័ត៌មាន រៀបចំឱ្យមានបរិយាកាសល្អ មានសណ្តាប់ធ្នាប់ របៀបរៀបរយ និងថែទាំអនាម័យឱ្យបានល្អនៅទីតាំងផ្តល់សេវា និងធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័យមានតម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្នុងករណីដែលសំណើណាមួយរបស់ប្រជាពលរដ្ឋត្រូវបដិសេដបន្ទាប់ពីការពិនិត្យល្អិតល្អន់រួចហើយ មន្ត្រីរាជការ បុគ្គលិកត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់អំពីមូលហេតុនៃការបដិសេដជាលាយលក្ខណ៍អក្រជូនទៅប្រជាពលរដ្ឋវិញ។ កម្រៃសេវារដ្ឋបាលដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយត្រូវផ្សព្វផ្សាយជាសាធារណៈតាមខិត្តបណ្ណ តាមប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គមផងដែរ។ នៅតាមបញ្ឈរទទួលប្រាក់ត្រូវមានបិតផ្សាយព័ត៌មានអំពីកម្រៃសេវាឱ្យបានច្បាស់លាស់។ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋ ទម្រង់បែបបទសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋបំពេញ និងទម្រង់បែបបទលិខិតឆ្លើយតប ត្រូវមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់។ ក្នុងករណីប្រជាពលរដ្ឋមិនចេះអក្សរ មន្ត្រីជួរមុខនៃការិយាល័យច្រកចេញចូលតែមួយអាចជួយបំពេញជំនួសបាន ដោយមិនមានការទាមទារកម្រៃបន្ថែមនោះឡើយ។ ការិយាល័យច្រកចេញចូលតែមួយផ្តល់សេវាលើវិស័យដូចខាងក្រោម៖

  1. ការងារនីត្យានុកូលកម្ម(ការបញ្ជាក់លើឯកសារថតចម្លង)
  2. ការងាររដ្ឋបាល
  3. ការផ្ទេរសិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជីរ
  4. ការងារអត្រានុកូលដ្ឋាន
  5. វិស័យអប់រំ យុវជន និងកីឡា
  6. វិស័យវប្បធម៌ និងវិចិត្រសិល្បះ
  7. វិស័យទេសចរណ៍
  8. វិស័យសុខាភិបាល
  9. វិស័យឧស្សាហកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល
  10. វិស័យពាណិជ្ជកម្ម
  11. វិស័យសំណង់
  12. វិស័យកសិកម្ម
  13. វិស័យដឹកជញ្ជូន

យន្តការច្រកចេញចូលតែមួយសម្រាប់ស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតជាការិយាល័យច្រកចេញចូលតែមួយ អនុលោមមាត្រា ១៥ នៃអនុក្រឹត្យលេខ១៨ អនក្រ.បក ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ស្រុកដែលពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយដើម្បីផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន។ យន្តការច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្តុំសេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ យន្តការនេះត្រូវរៀបចំ និងបង្កើតឡើងស្ថិតនៅក្រោមការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុក។ យន្តការច្រកចេញចូលតេមួយមានតួនាទី ភារកិច្ចដូចខាងក្រោម៖

  • ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
  • ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាននានាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលឱ្យបានទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមមធ្យោបាយនានាដូចជា ក្តារព័ត៌មានសាធារណៈ បណ្តាញផ្សព្វផ្សយព័ត៌មាន បណ្តាញសង្គម ខិត្តបណ្ណ វេទិកាសាធារណៈ និងកិច្ចប្រជុំនានាជាដើម។
  • សម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលដែលស្ថិតក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក។

យន្តការច្រកចេញចូលតែមួយត្រូវរៀបចំជាពីរផ្នែក គឺផ្នែកជួរមុខ និងផ្នែកជួរក្រោយ។

  • ផ្នែកជួរមុខ ជាកន្លែងប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃសេវា និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាលដែលបានស្នើសុំ។ ផ្នែកជួរមុខនៃយន្តការច្រកចេញចូលតែមួយត្រូវរៀបចំនៅក្នុងបរិវេណសាលាស្រុក ឬនៅកន្លែង ណាមួយដែលមានលក្ខណៈសមស្រប និងមានលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋមកទំនាក់ទំនងក្នុងការស្នើសុំសេវារដ្ឋបាល។ បុគ្គលិកផ្នែកជួរមុខ នៃយន្តការច្រកចេញចូលតែមួយរួមមាន៖
    • បុគ្គលិកទទួលបន្ទុកផ្នែកព័ត៌មាននិងប្រគល់ឯកសារ និង
    • បុគ្គលិកទទួលបន្ទុកការងារបេឡា
  • ផ្នែកជួរក្រោយ គឺជាផ្នែកទ្រទ្រង់ដ៏សំខាន់លើការងារបច្ចេកទេស។ ផ្នែកជួរក្រោយមានតួនាទី ពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើការផ្តល់សេវារដ្ឋបាលតាមវិស័យជំនាញ។ ផ្នែកជួរក្រោយនេះត្រូវរៀបចំឱ្យស្ថិតនៅតាមការិយាល័យជំនាញពាក់ព័ន្ធនីមួយៗនៅថ្នាក់ស្រុក និង/ឬស្ថិតនៅតាមមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ។

ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖

  1. ការផ្តល់ព័ត៌មាន និងពាក្យស្នើសុំ និងទម្រង់បែបបទ
  2. ការទទួលពាក្យស្នើសុំ និងសំណុំឯកសារភ្ជាប់
  3. ការបង់កម្រៃសេវារដ្ឋបាល
  4. ការពិនិត្យ និងបញ្ជូនពាក្យស្នើសុំ និងសំណុំឯកសារភ្ជាប់ទៅផ្នែកជួរក្រោយ
  5. ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេសដោយផ្នែកជួរក្រោយ
  6. ការពិនិត្យ និងការសម្រេច
  7. ការផ្តល់លទ្ធផលសម្រេច

បញ្ជាក់៖ ការបង់កម្រៃសេវារដ្ឋបាលអាចធ្វើឡើងតាមរយៈការបង់សាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរ ឬតុបេឡា នៃយន្តការច្រកចេញចូលតែមួយ ឬតាមរយៈការផ្ទេរប្រាក់ដោយភ្នាក់ងារផ្តល់សេវាផ្ទេរប្រាក់ដែលបានកំណត់ដោយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ប្រភេទសេវាដែលផ្តល់ដោយយន្តការច្រកចេញចូលតែមួយសម្រាប់ស្រុកដែលពុំមានលក្ណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បង្កើតការិយាល័យច្រកចេញចូលតែមួយមានដូចគ្នានឹងប្រភេទសេវាដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយតាមក្រុង ស្រុក ខណ្ឌផងដែរ