ព័ត៌មានលម្អិត

វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ទទួល ​និង​ការ​សម្រុះ​សម្រួល​ដោះស្រាយ​បណ្តឹង​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ ខេត្ត​

ថ្ងៃចេញផ្សាយ: April 24, 2019

ប្រភព: OWSO

ខេត្តកំពត៖ នាព្រឹក​ថ្ងៃពុធ​ ១២​កើត​ ខែមិគសិរ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ នាយកដ្ឋាន​មុខងារ​ និង​ធនធាន​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួង​មហាផ្ទៃ​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បែបបទ​ និង​នីតិវិធី​នៃ​ការ​ទទួល​ និង​ការ​សម្រុះ​សម្រួល​ដោះស្រាយ​បណ្តឹង​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ ខេត្ត នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពត។​

វគ្គ​បណ្តុះបណ្តាល​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​រយៈពេល​០៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃទី១៩​ ដល់​ថ្ងៃ​ទី២១​ ខែធ្នូ​ ឆ្នាំ​២០១៨​ ក្រោម​អធិបតី​ភាព​របស់​ឯកឧត្តម​ ស៊ វរិន​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួងមហាផ្ទៃ​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ ឯកឧត្តម​អភិបាល​រង​ខេត្តកំពត​ ឯកឧត្តម​ ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ លោក​ប្រធាន​នាយកដ្ឋាន​មុខងារ​ និង​ធនធាន​ និង​តំណាង​មូល​និធិ​ខុនរ៉ាដ​អាដិនណៅអ៊ែរ​ ព្រម​ទាំង​សិក្ខាកាម​ ចំនួន​៣៧នាក់​ ដែល​ជាប្រធាន​ អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានីខេត្ត​ទាំង​១២​គោលដៅ​ដែល​រួម​មាន​រាជធានី​ភ្នំពេញ​ ខេត្ត​ត្បូងឃ្មុំ​ ខេត្ត​ព្រៃវែង​ ខេត្ត​កំពង់ចាម​ ខេត្ត​កំពង់ស្ពឺ​ ខេត្តតាកែវ ​ខេត្តកំពត ​ខេត្តកែប ​ខេត្តកោះកុង ​ខេត្តព្រះសីហនុ ​ខេត្តមណ្ឌលគិរី ​និង​ខេត្តពោធិ៍សាត់ ​និង​ប្រធាន​ផ្នែក​ទាំងពីរ​ចំណុះ​ឱ្យ​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានីខេត្ត។​ ជាមួយ​គ្នានេះ​ដែរ​ វគ្គបណ្តុះបណ្តាលនេះ​ មានគោលបំណង ​ដូចជា៖ ​ *  ឱ្យ​សិក្ខា​កាម​យល់​ឱ្យ​បាន​ច្បាស់​អំពី​តួនាទី​ ភារកិច្ច​ និង​សមត្ថកិច្ច​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ខេត្ត​ *  មាន​ចំណេះដឹង​អំពីបែ​បបទ​ នីតិវិធី​នៃ​ការទទួល ​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី ​ខេត្ត​ *  មាន​ចំណេះដឹង​បន្ថែម​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​និង​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី ​ខេត្ត។​

ឆ្លៀត​ក្នុង​ឱកាស​នេះ ​ឯកឧត្តម ​ស៊​ ​វរិន ​បាន​ជម្រាប​ជូន​សិក្ខា​កាមថា​ ដោយ​រាជរដ្ឋាភិបាល​បាន​យល់ឃើញថា​ យុទ្ធសាស្រ្ដ​ ចតុកោណ​ ជា​ពិសេស​គោលដៅ​សំខាន់​សម្រាប់បង្កើន​​កំណើន​​ ការងារ​​ សមធម៌​​ និង​​ប្រសិទ្ធភាព​ នៅតែចាំបាច់​សម្រាប់​កម្ពុជា​អនុវត្ត​ នៅក្នុង​នីតិកាលទី៦​ ឆ្នាំ២០១៨​-២០២៣។​  ផ្អែក​លើ​សមិទ្ធផល​ដែល​ទទួលបាន​ រាជរដ្ឋាភិបាល​ បន្ត​រក្សា​ជំហរ​យ៉ាង​មុតមាំ ​និង​បន្ដ​ជំរុញ​ល្បឿន​ការ​ដ្ឋាន​កែ​ទម្រង់​សំខាន់ៗ​ ដើម្បី​លើក​​កម្ពស់​អភិបាលកិច្ចល្អ​ ជាពិសេសកម្មវិធី​កែទម្រង់​រដ្ឋបាល​សាធារណៈ។​ ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ​ត្រូវ​បន្ដ​អនុវត្ត​ឱ្យកាន់តែ​មានលក្ខណៈ​ទូលំទូលាយ​និង​ស៊ីជ្រៅ​ថែមទៀត ​ដើម្បី​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ​ឱ្យ​ទៅ​ជា​អ្នក​ផ្ដល់​សេវា​ដ៏​មាន​ប្រសិទ្ធភាព​និង​ជាដៃគូ​អភិវឌ្ឍ​ដែល​អាច​ទុក​ចិត្តបាន​ សំដៅ​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។​ យុទ្ធសាស្រ្ដ​គន្លឹះ​នៃ​កម្មវិធី​កែទម្រង់​សាធារណៈ ​ផ្ដោតសំខាន់លើ​​ (១).​ការ​ពង្រឹង​គុណភាព​ និង​ប្រសិទ្ធភាព​នៃការ​ផ្ដល់​សេវាសាធារណៈ ​(២).​ការ​កែលម្អ​ការ​គ្រប់គ្រង​ និង​ការ​អភិវឌ្ឍធនធានមនុស្ស​ និង​(៣). ​ការ​កែទម្រង់​ប្រព័ន្ធ​បៀត​វត្ស​និង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​របស់​មន្រ្ដីរាជការ។​  ដើម្បី​ធ្វើ​ការ​ពង្រឹង​គុណភាព​ និង​ប្រសិទ្ធភាព​ នៃ​ការ​ផ្ដល់​សេវាសាធារណៈ ​គឺ​មាន​ចង្កោមសកម្មភាព​ចំនួន​៧​ ដែល​ក្នុង​នោះ​មាន​ចង្កោមសកម្មភាព​ទី៦​ ដែល​និយាយ​អំពី​ការ​ដាក់ចេញ​នូវយន្ដការ​ផ្ដល់​ព៌តមាន​ត្រលប់​​ និង​បណ្ដឹង​តវ៉ា​របស់​អ្នក​ប្រើប្រាស់​សេវា​សាធារណៈ​ទៅនឹងភាព​មិនប្រក្រតី​ ឬ​កំហុស​របស់​បុគ្គលិក​ដែល​បំពេញ​ការងារ​ក្នុង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។​

ទន្ទឹមនឹងនេះ​ រាជរដ្ឋាភិបាល​បាន​បង្កើត​ឱ្យ​មាន ​ការិយាល័យ​ប្រជាពលរដ្ឋ​ ដែល​ជា​យន្ដការ​មួយ​ដ៏មានសារៈសំខាន់​ក្នុង​ការ​ទទួល​ និង​សម្រុះសម្រួល​ដោះស្រាយបណ្ដឹង​​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​ក្រោមជាតិ​ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត និង​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ និង​អាកប្បកិរិយា​របស់​មន្រ្ដី​ដែល​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។​

ក្នុង​វគ្គបណ្តុះបណ្តាល​ស្តី​អំពី​បែបបទ​ និង​នីតិវិធី​ នៃ​ការ​ទទួល​ និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​ របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ ខេត្ត​នាពេលនេះ​ ពិត​មែន​តែ​កម្មវិធី​មាន​រយៈពេល៣ថ្ងៃ​ ប៉ុន្តែ​តាមខ្លឹមសារ​ និង​ប្រធានបទ​ បើសិក្ខាកាម​ក្នុងវគ្គ​មិនបាន​យកចិត្ត​ទុក​ដាក់ ​មិនបាន​ស្វែងយល់​ ពិភាក្សា​ឱ្​យ បាន​ល្អិតល្អន់ ​ឬ​មិនបាន​សួរនាំគ្រូឧទ្ទិស​ឱ្យ​បាន​ច្បាស់លាស់​ និង​ស៊ីជម្រៅទេ​ នៅ​ពេល​យក​ទៅ​អនុវត្ត​ប្រាកដជា​នៅ​មាន​ចំណុច​ខ្វះខាត​ក្នុង​ដំណើរ​ការ​នៃ​ការ​ដោះស្រាយ​ និង​សម្រុះសម្រួល​បណ្តឹង​របស់​ប្រជាពលរដ្ឋ។​ ហេតុនេះ ​ប្រធាន ​អនុប្រធាន​ការិយាល័យ​នីមួយៗ​គួរយកចិត្ត​ទុកដាក់លើ​វគ្គបណ្តុះបណ្តាល​នេះ​ ព្រោះ​វគ្​គបណ្ដុះ​បណ្ដាលនេះ​អាច​បង្កើន​នៅ​ចំណេះ ​ដើម្បី​ធ្វើ​ជា​ទន់សម្រាប់ ​អនុវត្ត​ការងារ​សិក្ខា​កាម​ឱ្យ​កាន់​តែ​ទទួល​បាន​ជោគជ័យ។​

ជាទីបញ្ចប់​ និង​ជាថ្មី​ម្តងទៀត ​សូម​គោរព​ថ្លែងអំណរគុណ ​ឯកឧត្តម​ លោកជំទាវ​ លោក ​លោកស្រី​ ក្រុមការងារ​ក្រសួង ​និង​លោក លោកស្រី​ ដែល​ជា​សិក្ខាកាម​ក្នុង​វគ្គបណ្តុះបណ្តាល​អំពី​បែបបទ​ និង​នីតិវិធី​ នៃការទទួល ​និង​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​ ខិតខំ​យកចិត្ត​ទុកដាក់​ជួយ​ពង្រឹង​សមត្ថភាព​ក្នុង​ភារកិច្ច​របស់ខ្លួន ​នៃ​រដ្ឋបាល​រាជធានី ​ខេត្ត​ទាំង១២​ ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្តការងារ​ ក៏ដូចការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋបាន​ល្អ​ប្រសើរ។​

ព័ត៌មានថ្មីៗ

មតិយោបល់