News Detail
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
Resource: OWSO
ក្រសួងមហាផ្ទៃ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៥ ស្ដីពីការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្តីការក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ អគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា សរុបប្រមាណ ៤៤៧រូប។
បន្ទាប់ពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានឡើងអានរបាយការណ៍លទ្ធផល និងដំណើរការរៀបចំសិក្ខាសាលារួចមក ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមាន និងការចូលរួមផ្តល់ជាមតិយោបល់ដ៏មានសារៈសំខាន់របស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងសិក្ខាសាលារយៈពេលមួយព្រឹក។
ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីឱ្យការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយទទួលបានជោគជ័យ លុះត្រាតែបង្កើតឱ្យមានច្បាប់ស្ដីពីការផ្ដល់សេវាតាមយន្ដការច្រកចេញចូលតែមួយក្នុងគោលបំណងកំណត់វិសាលភាពឱ្យបានច្បាស់លាស់ដែលមានស្ដង់ដារួម។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំមួយចំនួនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយត្រូវពន្លឿនការផ្ទេរមុខងារឱ្យបានពេញលេញនូវធនធានមនុស្ស ធនធានថវិកា និងបច្ចេកទេសមកកាន់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការរៀបចំកែសម្រួល ឬដាក់ចេញសេចក្ដីណែនាំបច្ចេកទេសនៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញនីមួយៗ ដោយកាត់បន្ថយជាអតិបរមានូវបែបបទ នីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និងទម្រង់ឯកសារភ្ជាប់ដែលមិនចាំបាច់។ ក្រសួង ស្ថាប័នត្រូវណែនាំដល់មន្ទីរជំនាញរបស់ខ្លួនក្នុងការគាំទ្រពេញទំហឹងដល់កិច្ចដំណើរការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ ព្រមទាំងត្រូវបន្តកិច្ចសហការល្អជាមួយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារផ្ដល់សេវារដ្ឋបាលដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការផ្ដល់សេវា និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបប្រទះ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំដល់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ត្រូវរៀបចំបង្កើតក្រុមការងារតាមដាន និងវាយតម្លៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការផ្តល់សេវា និងផ្តល់ការលេីកទឹកចិត្តដល់រដ្ឋបាល ដែលខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ។
សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ បន្ដពង្រឹងលើការអនុវត្តច្បាប់ដែលបានកំណត់ ត្រូវប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (ទាំងសេវាផ្ទាល់របស់ខ្លួន និងប្រភេទសេវាដែលផ្ទេរពីក្រសួង ស្ថាប័នពាក់ព័ន្ធ) មកអនុវត្តតាមអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាដែលបានកំណត់ និងត្រូវបន្តសហការឱ្យបានស្អិតរមួតជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក្នុងការពិនិត្យ និងផ្តល់យោបល់លើការស្នើសុំសេវារបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលាដែលបានកំណត់។ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវត្រួតពិនិត្យ និងធ្វើការប្រជុំជាប្រចាំដើម្បីស្វែករកបញ្ហាប្រឈម និងដំណោះស្រាយបានឆាប់រហ័ស ព្រមទាំងធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អំពីយន្តការច្រកចេញចូលតែមួយ និងយន្ដការការិយាល័យប្រជាពលរដ្ឋ។ ការពង្រឹងការប្រើប្រាស់កម្មវិធីព័ត៌មានឱ្យបានពេញលេញ ព្រមទាំងរៀបចំបរិក្ខារឱ្យបានគ្រប់គ្រាន់ រួមជាមួយមន្រ្ដីប្រចាំការម៉ោងបំពេញការងារ។
ចំពោះក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌត្រូវពង្រឹងការទទួលខុសត្រូវប្រកបដោយភាពម្ចាស់ការក្នុងការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័នថ្នាក់ជាតិឱ្យមានប្រសិទ្ធភាព តម្លាភាព ដើម្បីបង្កើតនូវជំនឿទុកចិត្តិពីស្ថាប័នជាតិ និងប្រជាពលរដ្ឋ។ បន្ថែមពីនេះប្រភពថវិកា អង្គភាពសាមីត្រូវព្យាយាមទាក់ទាញការវិនិយោគក្នុងមូលដ្នានរបស់ខ្លួន និងកំណត់អំពីចំណូលនិងចំណាយឱ្យបានច្បាស់លាស់។
