ក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី
ក្នុងការរៀបចំរបាយការណ៍បិទបញ្ចប់
ការអនុវត្តកម្មវិធីការធ្វើវិមជ្ឍការ ការផ្តល់សេវាសាធារណៈ
និងការអភិវឌ្ឍន៍វិស័យគ្រប់គ្រងហិរញ្ញវត្ថុ
(Project Completion Report for
Decentralized Public Service and Financial Management Sector Development Program) នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្ដម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពីឯកឧត្តម បួន ហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងធនាគារអភិវឌ្ឍន៍អាស៊ី និងលោក លោកស្រីមន្ត្រីបច្ចេកទេសពាក់ព័ន្ធ សរុបចំនួន ១៥នាក់។
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សាអំពីការរៀបចំរបាយការណ៍បិទបញ្ចប់កម្មវិធីនេះ ដើម្បីពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រនៅពេលអនាគត។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ីមានបំណងសិក្សា និងស្វែងយល់បន្ថែមអំពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដោយផ្ដោតជាលើតួនាទី ភារកិច្ច និងការសម្របសម្រួលរបស់អគ្គនាយកដ្ឋានរដ្ឋបាល ជាមួយក្រសួង ស្ថាប័ន គាំទ្រដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធាន និងការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានស្នើសុំធនាគារអភិវឌ្ឍន៍អាស៊ី បន្តជួយគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅប្រទេសកម្ពុជា ជាពិសេសការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ លើចំណុចមួយចំនួនដូចជា ពិនិត្យលទ្ធភាពផ្តល់ការគាំទ្រលើការសិក្សា និងរៀបចំនូវមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល (Unified-public services mall) ដែលនឹងប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលគ្រប់វិស័យជូនប្រជាពលរដ្ឋ ដូចជា៖ ការសិក្សាអំពីទស្សទាននៃការរៀបចំមជ្ឈមណ្ឌលផ្តល់សេវារដ្ឋបាល ការរៀបចំគំរូប្លង់អគារ និងការកសាងសមត្ថភាពមន្រ្តី ព្រមទាំងស្នើសុំការគាំទ្រលើការកសាងសមត្ថភាពមន្ត្រីទទួលបន្ទុកនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានា។