ព័ត៌មានលម្អិត

កិច្ចប្រជុំ​ពិគ្រោះ​លើ​សេចក្តី​ព្រាង​សៀវភៅ​ណែនាំ​អំពី​ការ​រៀបចំ ​និង​នីតិ​វិធី​នៃ​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​អង្គភាព​ច្រក​ចេញ​ចូល​តែ​មួយ​រាជធានី​ ខេត្ត​

ថ្ងៃចេញផ្សាយ: January 5, 2018

ប្រភព: OWSO

នា​រសៀល​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅ​សាលប្រជុំ​លេខាធិការដ្ឋាន គ.ជ.អ.ប មានការ​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​លើ​សេចក្តីព្រាង​សៀវភៅ​ណែនាំ​អំពី​ការរៀបចំ និង​នីតិវិធី​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ថ្នាក់ដឹកនាំ និង​មន្ត្រី​នាយកដ្ឋាន​មុខងារ និង​ធនធាន មន្ត្រី ទីប្រឹក្សា​នៃ​លេខាធិការដ្ឋាន គ.ជ.អ.ប​សរុប​ប្រមាណ៣៥នាក់។

ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា បន្ទាប់ពី​ការដាក់ឱ្យ​អនុវត្ត​សាកល្បង​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាត់ដំបង និង​ស្រុក​សៀមរាប​ក្នុង​ឆ្នាំ២០០៥ មកទល់ពេលនេះ រាជរដ្ឋាភិបាល​បាន​ពង្រីក​ការិយាល័យ​ទាំងពីរ​នេះ​បាន​ចំនួន៥២ក្រុង ស្រុក ខណ្ឌ​គោលដៅ​រួចហើយ ដែល​ការផ្តល់សេវា​រដ្ឋបាល​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ទទួលបាន​ការពេញចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​និង​ដៃគូ​អភិវឌ្ឍ​ផងដែរ។ ឯកឧត្តម​មានប្រសាសន៍​បន្ថែមថា ផ្អែក​តាម​អនុ​ក្រឹ​ត​ស្តីពី​ការបង្កើត​យន្តការ​ច្រកចេញចូល​តែមួយ​សម្រាប់​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ អនុញ្ញាតឱ្យ​មានការ​បង្កើត​ជា​អង្គភាព​ច្រកចេញចូល​តែមួយ និង​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​ស្រុក​ដែល​មិនទាន់មាន​លក្ខណៈ​សមស្រប​សម្រាប់​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ។ មកទល់ពេលនេះ រាជធានី ខេត្ត​មួយចំនួន​បានរៀបចំ​បង្កើតជា​អង្គភាព​ច្រកចេញចូល​តែមួយ​រួចហើយ ចំណែក​ខេត្ត​មួយចំនួនទៀត​មានការ​យឺតយ៉ាវ​ក្នុងការ​បំពាក់​សម្ភារៈ​ឧបករណ៍ និង​ការរៀបចំ​មន្ត្រី​ជួរ​ក្រោយ។

ដើម្បី​ឈានទៅដល់​ការដាក់ឱ្យ​ដំណើរ​ការផ្តល់សេវា​តាម​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត ក្រសួងមហាផ្ទៃ​ត្រូវដាក់​ចេញ​នូវ​សៀ​ភៅ​ណែនាំ​អំពី​ការរៀបចំ និង​នីតិវិធី​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត។ សៀ​ភៅ​ណែនាំ​នេះ​ត្រូវបាន​រៀបចំ ដោយ​បែង​ចែកជា​ពីរ​ផ្នែក គឺ​ផ្នែក​ទី១បញ្ជាក់​អំពី​ដំណើរការ​ក្នុងការ​រៀបចំ​ជា​អង្គភាព​ច្រកចេញចូល​តែមួយ និង​ផ្នែក​ទី២បញ្ជាក់​អំពី​នីតិវិធី ទម្រង់​បែបបទ និង​លក្ខ​ខ័​ណ្ឌ​ភ្ជាប់​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែមួយ។ កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​ពិគ្រោះ​យោបល់​ផ្ទៃក្នុង​លើ​សេចក្តីព្រាង​សៀវភៅ​ណែនាំ​អំពី​ការរៀបចំ និង​នីតិវិធី​នៃ​ការផ្តល់សេវា​រដ្ឋបាលរ​បស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី ខេត្ត មុននឹង​ដាក់​ឆ្លង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អន្តរក្រសួង​ក្នុងពេលឆាប់ៗខាងមុខ។

ព័ត៌មានថ្មីៗ

មតិយោបល់