ព័ត៌មានលម្អិត

“គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធ

ថ្ងៃចេញផ្សាយ: March 19, 2024

ប្រភព: OWSO

គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោងនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងលេខាធិការដ្ឋានគ.ជ.អ.ប. ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ និងក្រុងស្រុកគោលដៅចំនួន០៥គឺខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះសីហនុ រួមទាំង តំណាងធនាគារពិភពលោក ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនានា សរុបចំនួន២០០រូប។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានថ្លែងថា ដោយសារកំណើនសេដ្ឋកិច្ចសង្គម និងតម្រូវការនគររូបនីយកម្មកើនឡើង បានធ្វើឱ្យបរិមាណសំរាម សំណល់រឹងនៅតាមទីប្រជុំជននានាតាមបណ្តារាជធានី ខេត្តទូទាំងប្រទេសមានការកើនឡើងនិងបង្កផលប៉ះពាល់ដល់​បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងសោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន។ ដើម្បីដោះស្រាយបញ្ហានេះ និងធានាឱ្យការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះ មកឱ្យរដ្ឋបាលរាជធានី និងរដ្ឋបាលក្រុង ស្រុកដែលនៅកៀកជិតប្រជាពលរដ្ឋជាអ្នកអនុវត្ត តាមរយៈអនុក្រឹត្យលេខ១១៣ ដែលបានដាក់ចេញកាលពីឆ្នាំ២០១៥។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភាដាក់ចេញគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(២០២០-២០៣០) ដើម្បីធានាថា ចាប់ពីឆ្នាំ២០៣០ខាងមុខ សំរាម សំណល់​រឹងទីប្រជុំជន​គ្រប់​ប្រភេទនឹងត្រូវបានញែក វេចខ្ចប់ ទុកដាក់ សំអាត ប្រមូល ដឹកជញ្ជូន ប្រើប្រាស់និងកែច្នៃ ព្រមទាំង​​ធ្វើប្រព្រឹត្តិកម្មតាមបច្ចេកវិទ្យាប្រកបដោយ​អនាម័យ និង​​សុវត្ថិភាព​បរិស្ថាន។

សម្រាប់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តចាត់ទុកការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋជាការងារអាទិភាពមួយដែលត្រូវសម្រេចឱ្យបាន។ បញ្ចកោណទី៤ ផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលក្នុងនោះ ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់សេដ្ឋកិច្ចបៃតង គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ស្របគ្នានេះ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) បានកំណត់ថា ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការអនុវត្តមុខងារជាកាតព្វកិច្ចមួយដែលបានកំណត់នៅក្នុងសមាសភាគទី៥ ដោយផ្តោតលើការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

ផ្អែកលើក្របខណ្ឌគោលនយោបាយខាងលើនេះ ក្រសួងមហាផ្ទៃបានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុមការងារធនាគារពិភពលោកធ្វើការសិក្សាគម្រោងមួយដែលមានឈ្មោះថា “គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា” ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារពិភពលោកដែលមានទឹកប្រាក់៦៧.៣លានដុល្លារសម្រាប់រយៈពេល៦ឆ្នាំ ដោយមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតំណាងរាជរដ្ឋាភិបាល ក្នុងការចុះកិច្ចព្រមព្រៀងជាមួយធនាគារពិភពលោក។

គម្រោងនេះត្រូវសហការអនុវត្តរួមគ្នារវាង​ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន នៅតាមបណ្តាខេត្ត​គោលដៅចំនួន៥ រួមមាន ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលក្នុងនោះរដ្ឋបាលខេត្តគោលដៅចំនួន៣ក្នុងចំណោមខេត្តគោលដៅចំនួន៥ រួមមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលនឹងទទួលបានការសាងសង់ទីលានសំរាមស្តង់ដាអនាម័យ។ បទពិសោធនៃការអនុវត្តគម្រោងនេះនឹងក្លាយជាមេរៀនបទពិសោធមួយ សម្រាប់ជាគំរូក្នុងការយកទៅអនុវត្តនៅរដ្ឋបាលក្រុង ស្រុកដទៃទៀត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត​មុខងារ និងការ គ្រប់គ្រងសំរាម សំណល់រឹង សំណល់ទីប្រជុំជន។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ថា វឌ្ឍនភាពនេះ គឺជាមោទនភាពដែលកើតឡើងពីការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន(២០២០-២០៣០) របស់រាជរដ្ឋាភិបាល ​ដែលមានចក្ខុវិស័យ​«ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុកភាព សុខុមាលភាព និងសោភណ្ឌ ភាពទាក់ទាញ សមស្របទៅនឹងកំណើននគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចដ៏ឆាប់រហ័ស»។

ព័ត៌មានថ្មីៗ

មតិយោបល់