ការិយាល័យប្រជាពលរដ្ឋ

ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ដើម្បីលើកកំពស់អភិបាលកិច្ចល្អនៅក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន “ការិយាល័យប្រជាពលរដ្ឋ” ដែលមានសមត្ថកិច្ចទទួលពាក្យបណ្តឹងតវ៉ា និងផ្តល់ពត័មានជូនប្រជាពលរដ្ឋ ក្រុមហ៊ុន សហគ្រាស និងអង្គការសង្គមស៊ីវិល ក្នុងករណីមានភាពមិនប្រក្រតិ ឬកំហុសឆ្គងរបស់បុគ្គលិកដែលបម្រើការងារក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងនោះ។ ការិយាល័យប្រជាពលរដ្ឋ ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹតក្នុងការទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ អំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយបណ្តឺងទំាងនោះ ព្រមទាំងតាមដានការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ហើយកសាងទំនាក់ទំនងល្អរវាងពាណិជ្ជករ អង្គការសង្គមស៊ីវិល នឹងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ សែន សុខ កំពុងបំពេញការងារនៅតុពិសេស ការបង្កើតឡើងនូវការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌមានគោលបំណងសំខាន់ៗដូចខាងក្រោម:

  • ធ្វើឱ្យរដ្ឋបាលកាន់តែមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព កាត់បន្ថយ អំពើពុករលួយ បង្កើនភាពពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលក្រុង ស្រុក ខណ្ឌ
  • បង្កើននូវយន្តការការចូលរួម និងផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិយោបល់ ជាមួយរដ្ឋបាលក្រុង ស្រុកខណ្ឌ។
  • ធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវអ្នកសម្រុះសម្រួលអព្យាក្រឹតមួយ ដែលជួយពួកគាត់ក្នុងការដោះស្រាយជម្លោះជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ការិយាល័យប្រជាពលរដ្ឋជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត ក្នុងការទទួលពាក្យបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ អំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលពាក្យបណ្តឺងតវ៉ាទាំងនោះ។ ពាក្យបណ្តឹងតវ៉ា អាចលើកឡើងអំពីករណីណាមួយដូចខាងក្រោ:

  • ការសំរេចចិត្ត ឬអាកប្បកិរិយាដែលផ្ទុយនឹងគោលការណ៍ច្បាប់
  • ការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើសុំត្រឹមត្រូវតាមច្បាប់របស់ប្រជាពលរដ្ឋ
  • មិនបានផ្តល់លទ្ធផល ឬដំណោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់
  • មានឥរិយាបទមិនអាចទទួលយកបានដូចជាការបំភិតបំភ័យ ឬការប្រមាក់ងាយដល់ប្រជាពលរដ្ឌ ឬតំណាងសហគ្រាសនានា។
  • ធានាឱ្យបានថា បញ្ហានានារបស់ប្រជាពលរដ្ឋ ត្រូវបានដោះស្រាយដោយបុគ្គលិករបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ស្របតាមលក្ខណះច្បាប់លិខិតបទដ្ឋាននានាដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យារពេល។
  • ការពារប្រជាពលរដ្ឋ និងសហគ្រាស ដែលមាននៅក្នុងក្រុង ស្រុក ខណ្ឌ នៅក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជីវកម្មដែលមានការពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ក្រុង ស្រុក ខណ្ឌ ប្រឆាំងនឹងការធ្វើសេចក្តីសំរេចណាមួយ ដែលខុសឆ្គង ដែលបំពានទៅលើច្បាប់ នឹងលិខិតបទដ្ឋានជាធរមាន
  • ផ្សព្វផ្សាយ និងផ្តល់ពត័មាននានាអំពីសេវារបស់ការិយាល័យច្រកចេញចូលតែមួយ ការអភិវឌ្ឈន៍ក្រុង ស្រុក ព្រមទាំងពត័មានផ្សេងៗទៀតពាក់ព័ន្ធនឹងគោលការណ៏ណែនាំនឹងលិខិតបទដ្ឋានអំពីវិមជ្ឈការ និងវិសហមជ្ឈការ
  • ប្រឆាំងនឹងអំពើពុករលួយមន្ត្រីរាជការរបស់ក្រុង ស្រុក ខណ្ឌ។

ប្រធានការិយាល័យប្រជាពលរដ្ឋ គឺជាតំណាងអព្យាក្រឹតរបស់ប្រជាពលរដ្ឋ។ តំណាងនេះត្រួវជ្រើសចេញពីអ្នកដែលទទួលបានការគោរពរាប់អានពីសហគមន៍របស់ មានកេរ្តិ័ឈ្មោះល្អ ស្អាតស្អំ មិនស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់គណបក្សនយោបាយណាមួយ ហើយមានការសិក្សា មានបទពិសោធន៏ក្នុង ជីវភាព នឹងការងារដែលស្វែងយល់ នឹងវិច្ឆ័យនូវនីតិវិធី និងមធ្យោបាយដើម្បី ប្រតិបត្តិការការងារនៅក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌនោះបាន។ តំណាងប្រជាពលរដ្ឋត្រូវជ្រើសចេញពីក្នុងចំណោមបេក្ខជន ដោយគណះកម្មាធិការបោះឆ្នោតមូលដ្ឋានមួយ ដែលមានសមាភាពដូចខាងក្រោម:

  • ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ
  • សមាជិកបី (០៣) រូបជាតំណាងសហគមន៏ពាណិជ្ជកម្មករក្រុង ស្រុក ខណ្ឌ
  • សមាជិកបី (០៣) រួបជាតំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជីត្រឹមត្រូវ ហើយដែលបានធ្វើសកម្មភាពក្នុងមូលដ្ឋានក្រុង ស្រុក ខណ្ឌនោះ។

ក្នុងការអនុវត្តការងារ ប្រធានការិយាល័យប្រជាពលរដ្ឋមិនត្រូវទទួលការណែនាំណាមួយពីអភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឱ្យធ្វើសេចក្តីរាយការណ៍ ឬជូនពត៏មានណាមួយទៅអភិបាលក្រុង ស្រុក ខណ្ឌឡើយ។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវធ្វើសេចក្តីរាយការណ៍ពីរដងក្នុងមួយឆ្នាំជូនទៅគណះកម្មាធិការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ។ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបានបំពេញការងារសែសិប(៤០)ម៉ោងក្នុងមួយសប្តាហ៍។ ក្នុងរយះពេល៤០ម៉ោង ត្រូវបែងចែកដូចខាងក្រោម:

  • ១២ម៉ោង ត្រូវបំពេញការងារនៅតុពិសេសនៃការិយាល័យច្រកចេញចូលតែមួយ ដោយបែងចែកជាពីរព្រឹក និងមួយរសៀល។
  • ២៨ម៉ោង ធ្វើការក្នុងការិយាល័យប្រជាពលរដ្ឋ នឹងនៅតាមអង្គភាពនានា របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។

ដូចបានកំណត់ខាងលើ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវធ្វើការរយះពល២៩ម៉ោងបកស្រាយបំភ្លឺករណី និងពាក្យបណ្តឹងនានា ព្រមទាំងធ្វើការសម្រុះសម្រួលសំដៅឱ្យមានដំណោះស្រាយចំពោះពាក្យបណ្តឹងនានា ដោយឈរលើមូលដ្ឋាននៃការស្រុះស្រួលគ្នាពីភាគីទាំងសងខាង។ ក្នុងពេលបំពេញការងារ តំណាងប្រជាពលរដ្ឋត្រូវសហការជិតស្និទ្ធជាមួយអភិបាលរងក្រុង ស្រុក ខណ្ឌ ដែលទទួលបន្ទុកការិយាល័យច្រកចេញចូលតែមួយ ឬផ្នែក ឬសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ជាមួយគ្នា អំពីវិធីដែលមានប្រសិទ្ធភាព ក្នុងការស្វែងការពិតនៃករណីនីមួយៗ ដែលមានពាក់ព័ន្ធទៅនឹងពាក្យបណ្តឹងប៉ុណ្ណោះ។ ប្រធានការិយាល័យប្រជាពលរដ្ឋ មានបុគ្គលិកមួយរូបជាជំនួយការ។ ជំនួយការការិយាល័យប្រជាពលរដ្ឋ គឺជាមន្រ្តីរាជការស្ថិតក្នុងក្រមខ័ណ្ឌមន្រ្តីរដ្ឋបាលក្រសួងមហាផ្ទៃ ហើយដែលកំពុងបំពេញការងារក្នុងលសាលាក្រុង ស្រុក ខណ្ឌតាមការស្នើសុំ ពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការឯកភាពពី អភិបាលក្រុង ស្រុក ខណ្ឌ។ ជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ។ សកម្មភាពប្រធានការិយាល័យប្រជាពលរដ្ឋក្រុងបាត់ដំបងបើកប្រអប់សំបុត្របណ្តឹងតវ៉ារបស់ ប្រជាពលរដ្ឋ ក្នុងពេលទទួលពាក្យបណ្តឹងតវ៉ាពីប្រជាពលរដ្ឋនិងសហគ្រាសដែលតវ៉ាពាក់ព័ន្ធទៅនឹងការសម្រេច ឬអាកប្បកិរិយារបស់មន្ត្រីរាជការក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិកោះអញ្ជើញមន្ត្រីរាជការដែលមានបញ្ហានោះនិងអ្នកគ្រប់គ្រងរបស់មន្ត្រីរាជការនោះ ឱ្យចូលមកកាន់ការិយាល័យប្រជាពលរដ្ឋដើម្បីបំភ្លឺ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិសុំឱ្យមន្ត្រីរាជការដែលមានបញ្ហានោះនិងអ្នកគ្រប់គ្រងមន្ត្រី បុគ្គលិកនោះ ធ្វើការពន្យល់បកស្រាយជាលាយល័ក្ខអក្សរអំពីហេតុផលនៃការចេញសេចក្តីសំរេចឬហេតុផលដែលបណ្តាលឱ្យមានអាកប្បកិរិយាប៉ះទង្គិចជាមួយប្រជាពលរដ្ឋឬតំណាងសហគ្រាស រួចហើយត្រូវប្រគល់សេចក្តីពន្យល់នោះ ជូនប្រធានការិយាល័យប្រជាពលរដ្ឋយ៉ាងយូរ៧ថ្ងៃ បន្ទាប់ពីបានទទួលការស្នើសុំឱ្យបំភ្លឺពីការិយាល័យប្រជាពលរដ្ឋ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិសុំពិនិត្យឯកសារផ្សេងៗដែលពាក់ព័ន្ធពាក្យបណ្តឹងតវ៉ាតនៅតាមអង្គភាព និងតាមការិយាល័យនានាក្នុងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមការចាំបាច់ ដោយមិនបាច់ជូនដំណឹងជាមុន ហើយអាចធ្វើនៅពេលណាក៏បាន ក្នុងពេលម៉ោងបំពេញការងារ។ ក្នុងពេលពិនិត្យឯកសារដែលពាក់ព័ន្ធទាំងនោះ ប្រធានការិយាល័យប្រជាពលរដ្ឋមានសិទ្ធិដកយកឯកសារ ដែលខ្លួនយល់ឃើញថាចាំបាច់ក្នុងរយៈពេល១ថ្ងៃដើម្បីថតចម្លងទុកជាភស្តុតាង រួចហើយត្រូវប្រគល់ឯកសារច្បាប់ដើមទៅអង្គភាព ឬការិយាល័យនោះវិញនៅថ្ងៃបន្ទាប់។ ក្នុងដំណើរការស្រាវជ្រាវស៊ើបអង្កេតស្វែងរកការពិត និងក្នុងដំណើរការសម្រុះសម្រួល ប្រសិនបើមន្ត្រីរាជការដែលមានបញ្ហា ឬអ្នកគ្រប់គ្រងមន្ត្រីរាជការដែលមានបញ្ហានោះមិនសហការ ឬធ្វើព្រងើយកន្តើយចំពោះអនុសាសន៍នានាដែលពាក់ព័ន្ធដល់ដំណោះស្រាយនៃពាក្យបណ្តឹងដែលប្រធានការិយាល័យប្រជាពលរដ្ឋយល់ឃើញថា ជាពាក្យបណ្តឹងមានហេតុផលសមស្រប ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវជំរាបជូនផ្ទាល់ទៅអភិបាលក្រុង ស្រុក ខណ្ឌដោយភ្ជាប់ជាមួយនូវសេចក្តីរាយការណ៍អំពីដំណើររឿង និងអនុសាសន៍របស់ខ្លួន។ អភិបាលក្រុង ស្រុក ខណ្ឌត្រូវចាត់គ្រប់វិធានការដើម្បីដោះស្រាយឱ្យបានស្រុះស្រួលគ្នានូវពាក្យបណ្តឹងតវ៉ានោះ។ ប្រធានការិយាល័យប្រជាពលរដ្ឋអាចធ្វើការផ្សព្វផ្សាយពាក្យបណ្តឹងតវ៉ា និងឯកសារដែលពាក់ព័ន្ធជូនសាធារណជនបាន ក្នុងករណីដែលប្រជាពលរដ្ឋ ឬតំណាងសហគ្រាសដែលដាក់ពាក្យបណ្តឹងនោះយល់ព្រមឱ្យផ្សព្វផ្សាយ។ ពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋឬសហគ្រាសដែលជំទាស់នឹងការសម្រេច ឬអាកប្បកិរិយារបស់អភិបាលក្រុង ស្រុកខណ្ឌ ត្រូវផ្ញើជូនទៅក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ ឬតាមរយៈប្រធានការិយាល័យប្រជាពលរដ្ឋក្នុងករណីដែលប្រធានការិយាល័យប្រជាពលរដ្ឋយល់ឃើញថា ពាក្យបណ្តឹងនោះមានហេតុផលសមស្រប។