ព័ត៌មានលម្អិត

ឯកឧត្តម ស៊ វរិន អញ្ជើញបើកសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត

ថ្ងៃចេញផ្សាយ: April 29, 2024

ប្រភព: OWSO

ឯកឧត្តម ស៊ វរិន អញ្ជើញបើកសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីខេត្ត
………………………
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសិក្ខាសាលាពង្រឹងសមត្ថភាពរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ស៊ វរិន អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ឯកឧត្តម តេ យក់ស៊ូ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ។
ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ឯកឧត្តម តាត់ ប៊ុនហេង ទីប្រឹក្សាក្រសួងមហាផ្ទៃ តំណាង
គម្រោង ISD/GIZ និងអង្គការតម្លាភាពកម្ពុជា ព្រមទាំង លោក លោកស្រី ប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធានផ្នែកទាំង២របស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត សរុបចំនួន១០៧នាក់។
សិក្ខាសាលាពង្រឹងសមត្ថភាពនេះប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ក្នុងគោលបំណងផ្តល់ការបណ្តុះបណ្តាលអំពីតួនាទី ភារកិច្ច សិទ្ធិអំណាច និងសមត្ថកិច្ចនៅក្នុងការទទួល និងការសម្រុះសម្រួលបណ្តឹងដល់ប្រធាន អនុប្រធាន និងបុគ្គលិកការិយាល័យប្រជាពលរដ្ឋដែលទើបបានជាប់ឆ្នោត និងទទួលភារកិច្ចថ្មីនៅក្នុងរចនាសម្ព័ន្ធការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តសាមីនីមួយៗ។ លើសពីនេះទៀត នៅថ្ងៃចុងក្រោយនៃសិក្ខាសាលានេះក៏មានពិធីប្រកាស និងប្រគល់រង្វាន់ជូនការិយាល័យប្រជាពលរដ្ឋឆ្នើមសម្រាប់ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ស៊ វរិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោក លោកស្រី ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា និងកិច្ចសហការពីភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំសិក្ខាសាលានេះ ព្រមទាំងបានគូសបញ្ជាក់អំពីសារសំខាន់នៃការបង្កើតយន្តការការិយាល័យប្រជាពលរដ្ឋ ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការផ្តល់សេវា និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបញ្ជាក់ថា ការបង្កើតការិយាល័យប្រជាពលរដ្ឋ បានជួយគាំទ្រនិងពង្រឹងប្រព័ន្ធអភិបាលកិច្ចល្អ ហើយការិយាល័យនេះគឺជាយន្តការសំខាន់របស់ក្រុមប្រឹក្សាដើម្បីមានលទ្ធភាពធ្វើគណនេយ្យភាព និងឆ្លើយតបជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

ព័ត៌មានថ្មីៗ

មតិយោបល់