ព័ត៌មានលម្អិត

ឯកឧត្តម សួស ប្រាថ្នា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់នាយកដ្ឋានមុខងារ និងធនធាន

ថ្ងៃចេញផ្សាយ: September 29, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការបុគ្គលិកនៃនាយកដ្ឋានមុខងារ និងធនធាន ដែលរៀបចំឡើងនៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់នាយកដ្ឋានមុខងារ និងធនធាន។   ឯកឧត្តមមានប្រសាសន៍ថា កន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការបុគ្គលិករបស់នាយកដ្ឋានមុខងារ និងធនធាន ពិតជាបានខិតខំប្រឹងប្រែងបំពេញការងារដោយចិត្តស្មោះសរ និងស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលធំធេងជូនជាតិជាច្រើនគួរជាទីមោទនៈ។   ឯកឧត្តមបានបញ្ជាក់ថា នាយកដ្ឋានមុខងារ និងធនធាន គឺជានាយកដ្ឋានគន្លឹះនៅក្នុងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត សម្របសម្រួលជាមួយក្រសួង ស្ថាប័ននានាក្នុងការផ្ទេរមុខងារ និងធនធាន ព្រមទាំងផ្តល់ការគាំទ្រលើការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។   ឯកឧត្តមអគ្គនាយកក៏បានធ្វើការលើកទឹកចិត្ត និងជម្រុញដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីបុគ្គលិកក្រោមឱវាទទាំងអស់ សូមបន្តអនុវត្តការងាររបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ស្របតាមទិសដៅ និងផែនការដែលបានគ្រោងទុក និងត្រូវខិតខំរួមគ្នាដើម្បីធានានិរន្តរភាពការងារ ដោយត្រូវអនុវត្តតាមភារកិច្ចទទួលខុសត្រូវលើការងាររៀងៗខ្លួន ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត ព្រមទាំងសូមចូលរួមសហការជាមួយនាយកដ្ឋានផ្សេងៗទៀត ក្នុងការបន្តរៀបចំផែនការយុទ្ធសាស្ត្រ៥ឆ្នាំ សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ ប្រចាំឆមាស ត្រីមាស និងខែរបស់នាយកដ្ឋាន ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។   គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការបុគ្គលិកនៃនាយកដ្ឋានមុខងារ និងធនធាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា ក្នុងគោលបំណងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការបុគ្គលិកទាំងអស់របស់នាយកដ្ឋាន និងពិនិត្យមើលសមិទ្ឌផល វឌ្ឍនភាពការងារ ស្វែងរកបញ្ហាប្រឈម ទិសដៅការងារ ព្រមទាំងផ្តល់ការណែនាំ និងការគាំទ្រនានាដល់នាយកដ្ឋាន បន្ទាប់ពីឯកឧត្តម ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៥២ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។  

ព័ត៌មានថ្មីៗ

មតិយោបល់