ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: July 23, 2023

ប្រភព: OWSO

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋដល់ប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប ព្រមទាំងមានសិក្ខាកាមចូលរួមមកពីក្រុង ស្រុកគោលដៅចំនួន៦៤ នៃខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុប ១៣៦រូប។
សិក្ខាសាលាផ្សព្វផ្សាយដែលមានរយៈពេល០១ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ប្រធានការិយាល័យ និងជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រើប្រាស់កិច្ចការរដ្ឋបាលសម្រាប់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបើកសិក្ខាផ្សព្វផ្សាយនេះ ឯកឧត្តម បួន ហេង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការការិយាល័យប្រជាពលរដ្ឋក្នុងការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅមូលដ្ឋាន ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ស្តាប់ និងសាកសួរឱ្យបានផុលផុសទៅលើខ្លឹមសារមេរៀននីមួយៗ ដើម្បីទទួលបានចំណេះ និងការយល់ដឹងពេញលេញសម្រាប់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។
  

ព័ត៌មានថ្មីៗ

មតិយោបល់