ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ

ថ្ងៃចេញផ្សាយ: June 9, 2023

ប្រភព: OWSO

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជាបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋដល់ប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងឯកឧត្តម លី វេត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមានសិក្ខាកាមចូលរួមមកពីក្រុង ស្រុកគោលដៅចំនួន៦៨ នៃខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌគិរី សរុប ១៣៦រូប។
សិក្ខាសាលាផ្សព្វផ្សាយដែលមានរយៈពេល០១ថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដល់ប្រធានការិយាល័យ និងជំនួយការការិយាល័យប្រជាពលរដ្ឋក្រុង ស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការប្រេីប្រាស់កិច្ចការងាររដ្ឋបាលសម្រាប់ការអនុវត្តតួនាទី​ ភារកិច្ចរបស់ខ្លួនក្នុងការទទួល​ និងសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបើកសិក្ខាផ្សព្វផ្សាយនេះ ឯកឧត្តម បួន ហេង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃយន្តការការិយាល័យប្រជាពលរដ្ឋក្នុងការសម្រុះសម្រួលដោះស្រាយបណ្តឹងរដ្ឋបាលនៅមូលដ្ឋាន និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ស្តាប់ និងសាកសួរឱ្យបានផុលផុសទៅលើខ្លឹមសារមេរៀននីមួយៗ ដើម្បីទទួលបានចំណេះ និងការយល់ដឹងពេញលេញសម្រាប់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់។
 

ព័ត៌មានថ្មីៗ

មតិយោបល់