ព័ត៌មានលម្អិត

ពិធីបិទសិក្ខាសាលាប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃចេញផ្សាយ: February 22, 2019

ប្រភព: OWSO

លទ្ធ​ផល​​ការងារ​​ឆ្នាំ២០១៨​ និង​លើកទិសដៅ​សកម្មភាព​ឆ្នាំ២០១៩​ នៃ​ការ​អនុវត្ត​ការងារ​របស់​ច្រកចេញចូលតែមួយ​ និង​ការ​សម្រុះ​សម្រួល​បណ្តឹង​របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ បាន​​លើក​​យកមក​​​បង្ហាញ​ និង​ពិភាក្សា​ នៅក្នុង​​កិច្ច​ប្រជុំ​​រយៈពេល​​ពីរ​ថ្ងៃ​ ដែល​​ប្រព្រឹត្ត​ទៅ​​នៅ​​ថ្ងៃទី២១​ និង​២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅ​​សាល​ប្រជុំ​សាលា​ខេត្តកំពង់ចាម។​ ពិធី​បិទ​​កិច្ច​ប្រជុំ​​ជា​​ផ្លូវការ​​បាន​រៀបចំ​​ឡើង​​នៅ​​រសៀល​​ថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ក្រោម​​អធិបតីភាព​ ឯកឧត្តម​ ប្រាក់ សំអឿន​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ​ក្រសួង​មហាផ្ទៃ។​

ពិធី​នេះ​មាន​​ការ​អញ្ជើញ​ចូលរួម​​ពី​ថ្នាក់ដឹកនាំ​ និង​មន្រ្តី​ក្រសួងមហាផ្ទៃ​ តំណាង​ក្រសួង​ពាក់ព័ន្ធ​ នាយក​ នាយក​រង​រដ្ឋបាល​សាលារាជធានី​ ខេត្ត ​ប្រធាន​អង្គភាព​ច្រកចេញចូលតែមួយ​រាជធានី​ ខេត្ត​ ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋរាជធានី​ ខេត្ត​ អភិបាល​ អភិបាលរងក្រុង​ ស្រុក​ ខណ្ឌ​ ប្រធាន​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​ សរុប​​ប្រមាណ​៣០០នាក់។​

បន្ទាប់​ពី​​លោក​ បួន ហេង​ ប្រធាន​នាយកដ្ឋានមុខងារ​ និង​ធនធាន​ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ ក្រសួងមហាផ្ទៃ​ បាន​​ឡើង​​ធ្វើ​​​របាយការណ៍​បូក​សរុប​លទ្ធផល​នៃ​សិក្ខា​សាលា​រួចមក​ ឯកឧត្តម​ ប្រាក់ សំអឿន​ បាន​​មាន​មតិ​​សំណេះ​សំណាល​ និង​​សម្តែង​​នូវ​​ការ​កោត​សរសើរ​​ចំពោះ​​ថ្នាក់ដឹកនាំ​ មន្ដ្រី​​ទទួល​ខុស​ត្រូវ​​គ្រប់​លំដាប់​​ថ្នាក់​​នៃ​ក្រសួង​ ស្ថាប័ន​​ពាក់ព័ន្ធ​ អាជ្ញា​ធរ​រាជធានី​ ខេត្ដ​ ក្រុង​​ ស្រុក​ ខណ្ឌ​គោលដៅ ​និង​មន្ដ្រី​ បុគ្គលិក​​ទាំងអស់​ ដែល​​បាន​រួម​​ចំណែក​​យ៉ាង​សកម្ម​​ក្នុងការ​​គាំទ្រ ​និង​អនុវត្ដ​​​ការ​ផ្តល់​សេវា​តាមច្រកចេញចូលតែមួយ​ទទួល​​បាន​​នូវ​​សមិទ្ធផល​​ល្អ​ប្រសើរ​ជាច្រើន​​ក្នុងឆ្នាំ​២០១៨​​កន្លងមក។​

ឯកឧត្តម​មាន​ប្រសាសន៍ថា​ ការ​បង្កើត​ឡើង​នូវ​យន្តការ​ច្រកចេញចូលតែមួយ​ និង​យន្តការ​សម្រុះ​សម្រួល​ដោះស្រាយ​​​បណ្តឹង​តវ៉ា​បស់​ប្រជាពលរដ្ឋ​ គឺ​មាន​​ទិស​ដៅ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ក្នុងការ​ផ្ដល់សេវារដ្ឋបាល​​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ ​ប្រកប​ដោយ​ប្រសិទ្ធភាព​ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ទាំងនោះ​កាន់​តែ​ងាយស្រួល​ ឆាប់រហ័ស​ មាន​តម្លាភាព​ និង​កសាង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ជាមួយ​រដ្ឋបាល​សាធារណៈ។​

ឯកឧត្តម​បន្ថែមថា​ ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​ដែល​បំពេញ​ការងារ​នៅក្នុង​យន្តការ​ច្រកចេញ​ចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ គឺជា​តួអង្គ​ដ៏សំខាន់​ និង​មាន​មោទនភាព​យ៉ាងធំធេង​ ដែល​បាន​រួម​ចំណែក​ដោយ​ផ្ទាល់​ក្នុង​កិច្ចការ​កំណែ​ទម្រង់​​ដ៏​មាន​សារៈសំខាន់​នេះ។​

មក​ត្រឹម​ឆ្នាំ២០១៨​ មាន​ក្រុង​ ស្រុក​ ខណ្ឌ​គោលដៅ​ចំនួន​៨៣​គោលដៅ​ នៅទូទាំង​២៥​រាជធានី​ ខេត្ត​ដែល​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ ហើយ​បាន​នឹង​កំពុង​ប្រតិបត្តិ​ការ​ផ្ដល់​សេវា​រដ្ឋបាល​យ៉ាង​សកម្ម​ជា​ប្រចាំ​មាន​ចំនួន​៥២គោលដៅ​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ និង​៣១​គោលដៅ​ទៀត​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​ផ្ដល់សេវា​ក្នុង​ត្រីមាស​ទី២​ឆ្នាំ​២០១៩​នេះ។​ នា​ពេល​ថ្មីៗនេះ​ ក្រសួងមហាផ្ទៃ​ បាន​ដាក់​ចេញ​នូវ​សេចក្តី​ណែនាំ​លេខ​០០១​ សណន​ ចុះ​ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩​ ស្ដីពី​ការ​បង្កើត​យន្តការ​ច្រកចេញចូលតែមួយ​នៅ​រដ្ឋបាល​ស្រុក​ ដែល​ពុំទាន់​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​ការិយាល័យ​ច្រកចេញចូលតែមួយ។​ ដូច្នេះ​ រដ្ឋបាល​ស្រុក​​ទាំងឡាយ​ណា​ដែល​មិនទាន់​បង្កើត​ការិយាល័យ​ច្រកចេញចូលតែមួយ​ ក៏​អាច​ផ្ដល់​សេវា​បាន​ដូចនឹង​ស្រុក​ដែល​មាន​ការិយាល័យ​ច្រកចេញចូលតែមួយ​ តាមរយៈ​ការ​រៀបចំ​ និង​ដាក់​ឱ្យ​ដំណើរ​ការ​យន្តការ​ច្រកចេញចូលតែមួយ។​ ជាងនេះទៀត​ ក្រសួងមហាផ្ទៃ​ក៏នឹង​ត្រូវ​ដាក់​ចេញ​លិខិតបទដ្ឋាន​ណែនាំ​ដល់​រដ្ឋបាល​ឃុំ សង្កាត់​ ឱ្យ​បង្កើត​យន្តការ​ច្រកចេញចូលតែមួយ​​សម្រាប់​ផ្តល់​សេវារដ្ឋបាល​​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ។​

ឯកឧត្តម​មាន​ប្រសាសន៍​បន្ថែមថា​ សមិទ្ធផល​ និង​លទ្ធផល​ទាំងនេះ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ ការគាំទ្រ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​​ឯកឧត្ដម​ លោកជំទាវ​ អស់លោក​ លោកស្រី​ មន្ដ្រី​រាជការ​ បុគ្គលិក​ ដៃគូអភិវឌ្ឍន៍​ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ទាំងនៅថ្នាក់ជាតិ​ និង​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។​

ជាចុងក្រោយ​ ឯកឧត្តម​បាន​ណែនាំ​ដល់​រដ្ឋបាល​រាជធានី​ ខេត្ត​ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ត្រូវ​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការ​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ ដោយ​ធានាថា​ មន្ត្រី​ បុគ្គលិក​នៃ​អង្គភាព​ច្រកចេញចូលតែមួយ​រាជធានី​ ខេត្ត​ និង​ការិយាល័យ​ច្រកចេញចូលតែមួយ​ក្រុង​ ស្រុក​ ខណ្ឌ​ ​ផ្ដល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធភាព​ តម្ភាភាព​ ភាព​រួសរាយ​រាក់ទាក់​ មាន​ក្រម​សីលធម៌​ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់បំផុត។​ ចំណែក​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​រាជធានី​ ខេត្ត​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៃ​រដ្ឋបាល​ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត​ក្នុង​ការ​អនុវត្ដ​មុខងារ​របស់ខ្លួន​ក្នុងការ​ទទួល​ និង​សម្រុះ​សម្រួល​ដោះស្រាយ​បណ្ដឹង​នានា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​​នឹង​​ការ​​ផ្តល់​​សេវា​​សាធារណៈ​ និង​​ការ​គ្រប់គ្រង​រដ្ឋបាល​​​នៅថ្នា​ក់​រដ្ឋបាល​របស់ខ្លួន​ ប្រកប​ដោយ​តម្លាភាព​ គណ​នេយ្យ​​ភាព​ និង​​ប្រសិទ្ធភាព​ សំដៅ​​បង្កើន​​ជំនឿ​​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន។​

 

ព័ត៌មានថ្មីៗ

មតិយោបល់