ព័ត៌មានលម្អិត

ក្រសួងមហាផ្ទៃ បាន និងកំពុងរៀបចំឱ្យមានការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត

ថ្ងៃចេញផ្សាយ: December 7, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នៅក្នុងកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភានេះបានបន្តផ្តោតគោលដៅជាចម្បងលើការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការកែលម្អប្រព័ន្ធការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងការងាររដ្ឋបាល និងការផ្ដល់សេវារដ្ឋបាលដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។
ឯកឧត្តមមានប្រសាសន៍បន្តថា ក្រសួងមហាផ្ទៃដែលជាស្ថាប័នស្នូលក្នុងការដឹកនាំ និងសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានរៀបចំ និងដាក់ចេញផែនការសកម្មភាពសំខាន់ៗក្នុងគោលបំណងធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបញ្ជាក់ថា ពេលកន្លងមក ក្រសួងមហាផ្ទៃ បាន និងកំពុងសហការជាមួយក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក (KESS INNOVATION PLC) ដើម្បីរៀបចំឱ្យមានការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ គឺមានប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ។
ប្រព័ន្ធទូទាត់វិក្កយបត្រ(Payment Hub) បានដាក់អនុវត្តសាកល្បងចំនួន១៣គោលដៅ គឺនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្ដបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្ដកំពង់ធំ និងខេត្តកំពង់ឆ្នាំង។ ចំណែក កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ បានដាក់អនុវត្តសាកល្បងចំនួន៤គោលដៅ គឺនៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តបាត់ដំបង។
សូមជម្រាបថា កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណង់រឹង និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ និងអស់លោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនKESS INNOVATION PLC ព្រមទាំងមន្ត្រី បុគ្គិលពាក់ព័ន្ធ សរុបចំនួន៧០រូប។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តសាកល្បងប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) និងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយ និង ពិភាក្សាលើបញ្ហាប្រឈមនានាដែលរដ្ឋបាលរាជធានី ខេត្តបានជួបប្រទះ ព្រមទាំងកំណត់អំពីទិសដៅសម្រាប់ការអនុវត្តបន្ត។
   

ព័ត៌មានថ្មីៗ

មតិយោបល់