ព័ត៌មានលម្អិត

កិច្ចប្រជុំសម្រាប់ការចាប់ផ្តើមបេសកកម្មលើកទី២របស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: January 25, 2024

ប្រភព: OWSO

នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ អង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំសម្រាប់ការចាប់ផ្តើមបេសកកម្មលើកទី២របស់ក្រុមការងារធនាគារពិភពលោក ដើម្បីគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម  អស់លោកលោកស្រី ជានាយកគម្រោង និងប្រធានគ្រប់គ្រងគម្រោងនៃអង្គភាពអនុវត្តគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន សមាជិក និងសមាជិកានៃអង្គភាពគ្រប់គ្រងគម្រោង និងក្រុមការងារធនាគារពិភពលោក  សរុបប្រមាណ៣៣រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពនៃការអនុវត្តគម្រោងក្នុងដំណាក់កាលដំបូងនៃសមាសភាគទី១ (ក្រសួងបរិស្ថាន) សមាសភាគទី២ (ក្រសួងមហាផ្ទៃ) និងសមាសភាគទី៣ (ក្រសួងសាធារណការ និងដឹកជញ្ជូន) រួមទាំងលទ្ធផលសម្រេចបានធៀបនឹងផែនការសកម្មភាពដែលបានឯកភាពនៅក្នុងរបាយការណ៍នៃបេសកកម្មលើកទី១នៃក្រុមការងារធនាគារពិភពលោក។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារធនាគារពិភពលោក ដោយសហការជាមួយនឹងក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងចាប់ផ្តើមបេសកកម្មរបស់ខ្លួនចុះទៅសិក្សានៅតាមខេត្តអនុវត្តគម្រោង រួមមាន ខេត្តសៀមរាប ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីពិភាក្សាជាមួយរដ្ឋបាលខេត្ត និងចុះពិនិត្យផ្ទាល់ដល់ទីតាំងសម្រាប់សាងសង់ជាទីលានទុកដាក់សំរាម ព្រមទាំងយន្តការគាំទ្រនានាដល់បុគ្គលិករើសសំរាម និងកុមារដែលពាក់ព័ន្ធនឹងការរើសសំរាម។

 

ព័ត៌មានថ្មីៗ

មតិយោបល់