ព័ត៌មានលម្អិត

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា

ថ្ងៃចេញផ្សាយ: January 15, 2024

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អង្គភាពគ្រប់គ្រងគម្រោងបានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃគណៈកម្មាធិការ រួមមាន ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរដ្ឋបាលខេត្តគោលដៅទាំង៥ (ខេត្តសៀមរាប កណ្តាល កំពង់ស្ពឺ បាត់ដំបង និងព្រះសីហនុ) និងក្រុង ស្រុកពាក់ព័ន្ធ សរុបចំនួន៥៥រូប។
កិច្ចប្រជុំលើកដំបូងនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន៥ ដូចតទៅ៖
១. ការប្រកាសសមាសភាពនៃគណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា ដែលគណៈកម្មាធិការនេះមានភារកិច្ចផ្តល់ទិសដៅជាយុទ្ធសាស្ត្រ និងការសម្របសម្រួលដឹកនាំអន្តរក្រសួង ដើម្បីអនុវត្តគម្រោងឱ្យបានរលូន និងប្រកបដោយប្រសិទ្ធភាព
២. ការបង្ហាញអំពីគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា និងផែនការសកម្មភាព និងថវិការយៈពេល១៦ខែរបស់អង្គភាពគ្រប់គ្រងគម្រោង
៣. ការបង្ហាញអំពីផែនការសកម្មភាព និងថវិការយៈពេល១៦ខែដំបូងរបស់សមាសភាគទី១ (ក្រសួងបរិស្ថាន) និងទី៣ (ក្រសួងសាធារណការ និងដឹកជញ្ជូន) នៃគម្រោង
៤. ការបង្ហាញអំពីលទ្ធផលនៃការសិក្សាទីតាំងសម្រាប់រៀបចំទីលានទុកដាក់សំរាមស្តង់ដារអនាម័យរបស់គម្រោង
៥. ពិភាក្សា និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗក្នុងកិច្ចដំណើរការនៃការអនុវត្តគម្រោងនេះ។
ជាលទ្ធផល កិច្ចប្រជុំបានទទួលនូវមតិយោបល់សំខាន់ៗជាច្រើនពីសមាជិក សមាជិកានៃគណៈកម្មាធិការ និងដាក់ចេញនូវដំណោះស្រាយលើបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអនុវត្តគម្រោង ការរៀបចំទីលានទុកដាក់សំរាម និងកិច្ចការផ្សេងៗទៀតក្នុងការគាំទ្រដល់ការអនុវត្តគម្រោង។

ព័ត៌មានថ្មីៗ

មតិយោបល់