ព័ត៌មានលម្អិត

កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការដាក់ឱ្យដំណើរការយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

ថ្ងៃចេញផ្សាយ: June 21, 2023

ប្រភព: OWSO

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការរៀបចំ និងការដាក់ឱ្យដំណើរការយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជានាយក/នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ នាយកទីចាត់ការធនធានមនុស្ស សរុបចំនួន៩៥រូប។
គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឱ្យដំណើរការយន្ដការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ឃុំ សង្កាត់ និងជជែកពិភាក្សា ផ្លាស់ប្ដូរយោបល់ទៅលើបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីដាក់ចេញជាដំណោះស្រាយ និងផែនការសកម្មភាពសម្រាប់អនុវត្តបន្ដ ស្របតាមសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្ដការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្តបន្តផ្ដល់ការគាំទ្រឱ្យបានពេញទំហឹងដល់រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងរៀបចំក្រុមការងារឱ្យបានជាក់លាក់ដើម្បីគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានទៀងទាត់ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយ។

ព័ត៌មានថ្មីៗ

មតិយោបល់