ព័ត៌មានលម្អិត

កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងកម្រងសេវារដ្ឋបាលក្នុងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

ថ្ងៃចេញផ្សាយ: May 22, 2023

ប្រភព: OWSO

ក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អន្ដរក្រសួងលើសេចក្ដីព្រាងកម្រងសេវារដ្ឋបាលក្នុងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ (វិស័យបរិស្ថាន) ដែលបានផ្ទេរជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារT27 ទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងយុត្ដិធម៌ និងក្រសួងបរិស្ថាន សរុបចំនួន២៤រូប។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញស្តីពីសេចក្តីព្រាងប្រកាសអន្តរក្រសួង និងកម្រងសេវាពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ សម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកានៃអង្គប្រជុំទាំងអស់ ពិនិត្យ និងពិភាក្សាផ្ដល់យោបល់។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឯកភាពចំពោះការបង្កើតក្រុមការងារបច្ចេកទេសថ្នាក់អន្ដរក្រសួង ដោយបានស្នើឱ្យក្រសួងបរិស្ថានជាប្រធានក្រុមការងារសម្រាប់ការចុះសិក្សា និងការរៀបចំលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធនានាលើការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
គួរបញ្ជាក់ផងដែរថា ផ្អែកតាមអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ និងធ្វើប្រតិភូកម្មមុខងារថ្មីៗជាច្រើនបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងនោះក៏មានការប្រគល់មុខងារគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ផងដែរ។
      

ព័ត៌មានថ្មីៗ

មតិយោបល់