ព័ត៌មានលម្អិត

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: August 25, 2023

ប្រភព: OWSO

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។

ពិធីនេះមានការចួលរួមពី ឯកឧត្តម លាក ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង អភិបាលក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុកចំនួន៤៦គោលដៅ នៃខេត្តចំនួន២១ សរុបចំនួន១១៥រូប។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យមើលវឌ្ឈនភាពការងារនៃការដាក់ដំណើរការអនុវត្តសាកល្បងជំហានទី២ក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវាក្នុងការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុកចំនួន៤៦គោដៅ។

កិច្ចប្រជុំនេះក៏មានការកិច្ចពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលជួបប្រទះក្នុងការអនុវត្តសាកល្បងជំហានទី២នេះ ព្រមទាំងពិនិត្យមើលលទ្ធភាព ដើម្បីឈានទៅការដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌនៅទូទាំងប្រទេស។

សូមគូសបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជំហានទី១ មានចំនួន៤៩គោដៅ និងជំហានទី២មានចំនួន៤៦គោលដៅ សរុបរួមមានចំនួន៩៥គោលដៅនៃរដ្ឋបាលក្រុងស្រុកខណ្ឌទូទាំងប្រទេស។

អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃក៏គ្រោងដាក់ឱ្យអនុវត្តកម្មវិធីព័ត៌មានវិទ្យានេះនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូរទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ។

 

    

ព័ត៌មានថ្មីៗ

មតិយោបល់