News Detail

ពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

Published Date: February 21, 2019

Resource: OWSO

ខេត្តកំពង់ចាម៖ នា​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​​ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់ចាម​ មាន​ការ​រៀប​ចំ​ពិធី​បើក​សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៨ និង​លើកទិសដៅ​សកម្មភាព​ឆ្នាំ​២០១៩​ នៃ​ការ​អនុវត្ត​ការងារ​របស់​ច្រកចេញចូលតែមួយ​ និង​ការ​សម្រុះ​សម្រួល​ដោះស្រាយ​បណ្តឹង​​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ ក្រោម​អធិបតីភាព​ឯកឧត្តម​ ងី ច័ន្ទ្រផល​ រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ។​

ពិធីនេះ​ មាន​ការ​ចូលរួម​ពី​សមាជិក​ សមាជិកា​ ដែល​មាន​សមាសភាព​មក​ពី​ថ្នាក់ដឹកនាំ​ និង​មន្រ្តី​ក្រសួងមហាផ្ទៃ​ លេខាធិការដ្ឋាន​ គ.ជ.អ.ប​ តំណាង​ក្រសួង​ពាក់ព័ន្ធ​ នាយក​ នាយករង​រដ្ឋបាល​សាលារាជធានី​ ខេត្ត​ ប្រធាន​អង្គភាព​ច្រកចេញចូលតែមួយ​រាជធានី​ ខេត្ត​ ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ ខេត្ត​ អភិបាល​ អភិបាលរងក្រុង​ ស្រុក​ ខណ្ឌគោលដៅ​ ប្រធាន​ការិយាល័យ​ច្រកចេញចូលតែមួយ​ ប្រធាន​ការិយាល័យប្រជាពលរដ្ឋ​ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ដៃ​គូ​ក្នុង​ការ​អនុវត្ត​​ការិយាល័យ​ច្រកចេញចូលតែមួយ​ និង​ការិយាល័យ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ៣២០នាក់។​

សិក្ខា​សាលា​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល២ថ្ងៃនេះ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋានមុខងារ​ និងធនធាន​ នៃ​អគ្គនាយក​ដ្ឋានរដ្ឋបាល​ ក្រសួងមហាផ្ទៃ​ មាន​គោល​បំណង​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​សកម្មភាព​ឆ្នាំ​២០១៩​ នៃ​ការ​អនុវត្ត​ការងារ​របស់​ច្រកចេញចូលតែមួយ​ និង​ការ​សម្រុះ​សម្រួល​បណ្តឹង​របស់​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ ការ​ចែក​រំលែក​បទពិសោធន៍ល្អ​ ព្រមទាំង​ពិភាក្សា​អំពី​បញ្ហាប្រឈម​ និង​ដំណោះស្រាយ​ក្នុង​ការ​គ្រប់គ្រង​ និង​ការ​ផ្តល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។​

ថ្លែង​ក្នុងពិធីនេះ​ ឯកឧត្តម​ ងី​ ច័ន្ទ្រផល​ មាន​ប្រសាសន៍ថា​ ការ​បង្កើត​យន្តការ​ច្រកចេញចូលតែមួយ​ ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ និង​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការ​ផ្តល់​សេវា​តាមរយៈ​ការ​ប្រមូល​ផ្តុំ​សេវា​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ឱ្យ​ស្ថិត​នៅ​កន្លែងតែមួយ​ និង​ប្រគល់​ការ​សម្រេច​ទៅ​ឱ្យ​ថ្នាក់​រដ្ឋបាល​ណាមួយ​ដែល​នៅ​កៀក​ជិត​នឹង​ប្រជាពលរដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ

អភិបាលកិច្ចល្អ​នៅ​ក្នុង​ការ​ផ្តល់​សេវា​ គឺជា​កិច្ចការ​ចម្បង​មួយ​ដែល​រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ដើម្បី​ឱ្យ​រដ្ឋបាល​សាធារណៈ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាងមុន​ និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ ស្រប​នឹង​កំណើន​សេដ្ឋកិច្ច​ជាតិ​ដែល​កំពុង​តែ​មាន​ការ​វិវត្ត​ទៅមុខ​យ៉ាង​ឆាប់​រហ័ស។​

ឯកឧត្តមបានបញ្ជាក់ថា មកត្រឹមដំណាច់ឆ្នាំ២០១៨​នេះ មានក្រុង ស្រុក ខណ្ឌគោលដៅចំនួន៨៣គោលដៅ នៅទូទាំង២៥រាជធានី ខេត្តដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ហើយបាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាល​យ៉ាងសកម្មចំនួន៥២គោលដៅជូនដល់ប្រជាពល​រដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង៣១គោលដៅទៀតនឹងដាក់ឱ្យដំណើរការក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ។ ឯកឧត្តមបានណែនាំថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាន និងខិតខំអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតប់ឱ្យបានទាន់ពេលវេលា និងតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា ខេត្តកំពង់ចាមបានបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្ត ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកំពង់ចាម និងស្រុកជើងព្រៃរួចហើយ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដើម្បីផ្សព្វផ្សាយព័ត៌មាន រដ្ឋបាលខេត្តបានបង្កើតគេហទំព័រ និងទំព័រហ្វេសបុកជាផ្លូវការរបស់អង្គភាពច្រកចេញចូលតែមួយ បង្កើតជា Mobile App នៅលើប្រព័ន្ធទូរស័ព្ទដែលប្រជាពលរដ្ឋអាចស្វែងរកព័ត៌មាន និងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យក្នុងគោលបំណងរួមចំណែកកាត់បន្ថយអំពើពុករលួយក្នុងការផ្តល់សេវារដ្ឋបាល។ ឯកឧត្តមបញ្ជាក់បន្ថែមថា រដ្ឋបាលបាន ប្តេជ្ញាចិត្តរួចហើយក្នុងការដាក់ឱ្យអនុវត្តក្នុងការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយនៅស្រុកចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៩ និងឱ្យបានគ្រប់ស្រុកនៅឆ្នាំ២០២០។

ការអនុវត្តការផ្តល់សេវា​រដ្ឋបា​ល​តាមរយៈយន្តការច្រកចេញចូលតែមួយ និងការសម្រុះ​សម្រួល​ដោះស្រាយ​បណ្តឹងតវ៉ា​របស់​ការិ​យា​ល័យ​ប្រជា​ពលរដ្ឋទទួលបានលទ្ធផលជាវិជ្ជមាន និង​ទទួល​បាននូវការគាំទ្រ​យ៉ាងសកម្ម​ពី​​គ្រប់​ភាគី​ពាក់ព័ន្ធទាំងអស់ ជាពិសេស គឺប្រជាពលរដ្ឋដែលជាអ្នកទទួល និងជាអ្នកប្រើប្រាស់សេវា​ផ្ទាល់។ លទ្ធផលជាវិជ្ជមានទាំងនេះហើយដែលបានជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចបន្តពង្រីកវិសាលវិភាពនៃការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះ​សម្រួល​ដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋឱ្យបានទូលំទូលាយទៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។    រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវអនុក្រឹត្យចំនួន២ កាលពីឆ្នាំ២០១៧ គឺអនុក្រឹត្យលេខ១៨ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ១៩ ស្តីពីការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុក្រឹត្យទាំងពីរនេះ តម្រូវឱ្យរៀបចំអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ព្រមទាំងរៀបចំនូវការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

Recently News