ព័ត៌មានលម្អិត
ពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ថ្ងៃចេញផ្សាយ: February 21, 2019
ប្រភព: OWSO
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម មានការរៀបចំពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

ពិធីនេះ មានការចូលរួមពីសមាជិក សមាជិកា ដែលមានសមាសភាពមកពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួងពាក់ព័ន្ធ នាយក នាយករងរដ្ឋបាលសាលារាជធានី ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ខណ្ឌគោលដៅ ប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិលដែលជាដៃគូក្នុងការអនុវត្តការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋសរុបចំនួន ៣២០នាក់។

សិក្ខាសាលាបូកសរុបលទ្ធផលការងាររយៈពេល២ថ្ងៃនេះ ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានគោលបំណងបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៩ នៃការអនុវត្តការងាររបស់ច្រកចេញចូលតែមួយ និងការសម្រុះសម្រួលបណ្តឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការចែករំលែកបទពិសោធន៍ល្អ ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា ការបង្កើតយន្តការច្រកចេញចូលតែមួយ ជាផ្នែកមួយនៃការធ្វើកំណែទម្រង់រដ្ឋបាល និងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាតាមរយៈការប្រមូលផ្តុំសេវា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋឱ្យស្ថិតនៅកន្លែងតែមួយ និងប្រគល់ការសម្រេចទៅឱ្យថ្នាក់រដ្ឋបាលណាមួយដែលនៅកៀកជិតនឹងប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

អភិបាលកិច្ចល្អនៅក្នុងការផ្តល់សេវា គឺជាកិច្ចការចម្បងមួយដែលរាជរដ្ឋាភិបាលកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឱ្យរដ្ឋបាលសាធារណៈកាន់តែមានប្រសិទ្ធភាពជាងមុន និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ស្របនឹងកំណើនសេដ្ឋកិច្ចជាតិដែលកំពុងតែមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។

ឯកឧត្តមបានបញ្ជាក់ថា មកត្រឹមដំណាច់ឆ្នាំ២០១៨នេះ មានក្រុង ស្រុក ខណ្ឌគោលដៅចំនួន៨៣គោលដៅ នៅទូទាំង២៥រាជធានី ខេត្តដែលបានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ហើយបាននិងកំពុងប្រតិបត្តិការផ្តល់សេវារដ្ឋបាលយ៉ាងសកម្មចំនួន៥២គោលដៅជូនដល់ប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង៣១គោលដៅទៀតនឹងដាក់ឱ្យដំណើរការក្នុងត្រីមាសទី២ ឆ្នាំ២០១៩នេះ។ ឯកឧត្តមបានណែនាំថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ខណ្ឌ យកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាន និងខិតខំអនុវត្តការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតប់ឱ្យបានទាន់ពេលវេលា និងតម្រូវការរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា ខេត្តកំពង់ចាមបានបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ខេត្ត ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកំពង់ចាម និងស្រុកជើងព្រៃរួចហើយ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ។ ដើម្បីផ្សព្វផ្សាយព័ត៌មាន រដ្ឋបាលខេត្តបានបង្កើតគេហទំព័រ និងទំព័រហ្វេសបុកជាផ្លូវការរបស់អង្គភាពច្រកចេញចូលតែមួយ បង្កើតជា Mobile App នៅលើប្រព័ន្ធទូរស័ព្ទដែលប្រជាពលរដ្ឋអាចស្វែងរកព័ត៌មាន និងបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យក្នុងគោលបំណងរួមចំណែកកាត់បន្ថយអំពើពុករលួយក្នុងការផ្តល់សេវារដ្ឋបាល។ ឯកឧត្តមបញ្ជាក់បន្ថែមថា រដ្ឋបាលបាន ប្តេជ្ញាចិត្តរួចហើយក្នុងការដាក់ឱ្យអនុវត្តក្នុងការផ្តល់សេវាតាមរយៈការិយាល័យច្រកចេញចូលតែមួយនៅស្រុកចំនួន៣បន្ថែមទៀតនៅឆ្នាំ២០១៩ និងឱ្យបានគ្រប់ស្រុកនៅឆ្នាំ២០២០។


ការអនុវត្តការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតវ៉ារបស់ការិយាល័យប្រជាពលរដ្ឋទទួលបានលទ្ធផលជាវិជ្ជមាន និងទទួលបាននូវការគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស គឺប្រជាពលរដ្ឋដែលជាអ្នកទទួល និងជាអ្នកប្រើប្រាស់សេវាផ្ទាល់។ លទ្ធផលជាវិជ្ជមានទាំងនេះហើយដែលបានជំរុញឱ្យរាជរដ្ឋាភិបាលសម្រេចបន្តពង្រីកវិសាលវិភាពនៃការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមការិយាល័យប្រជាពលរដ្ឋឱ្យបានទូលំទូលាយទៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវអនុក្រឹត្យចំនួន២ កាលពីឆ្នាំ២០១៧ គឺអនុក្រឹត្យលេខ១៨ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ១៩ ស្តីពីការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអនុក្រឹត្យទាំងពីរនេះ តម្រូវឱ្យរៀបចំអង្គភាព ការិយាល័យ និងយន្តការច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ព្រមទាំងរៀបចំនូវការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។


