យន្តការច្រកចេញចូលតែមួយ

ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ

តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 12 ស.ស.រ ចុះថ្ងៃទី3០ ខែមិថុនា ឆ្នាំ 2០០8 ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ 928 ប្រ.ក ចុះថ្ងៃទី12 ខែមិនា ឆ្នាំ2០០9 ស្តីពីការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង/ស្រុក/ខណ្ឌ។ ការបង្កើតឡើងនូវការិយាល័យច្រកចេញ-ចូលតែមួយថ្នាក់ក្រុង/ស្រុក/ខណ្ឌ មានគោលបំណងសំខាន់ដើម្បីពង្រីកវិសាលភាពសេវាកម្មដែលផ្តល់ដោយរដ្ឋបាលក្រុង/ស្រុក /ខណ្ឌ ឱ្យបានទូលំទូលាយតាមរយៈការប្រមូលផ្តុំសេវាកម្មទាំងអស់ក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រុង/ស្រុក/ខណ្ឌ ដែលត្រូវផ្តល់ជូនអតិថិជននៅកន្លែងតែមួយ។ បុគ្គលិកបម្រើការងារនូវ ការិយាល័យច្រកចេញចូលតែមួយត្រូវបានបែងចែកជា ២. ផ្នែកគឺ ផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ បុគ្គលិកនៅផ្នែកជួរក្រោយនេះជាមន្ត្រីបច្ចេកទេសជំនាញពីការិយាល័យនិមួយៗដែលបានផ្ទេរពីការិយាល័យផ្សេងៗ។ ផ្នែកជួរក្រោយជាផ្នែកទទួលរ៉ាប់រងសេវាកម្ម និងនីតិវិធីរដ្ឋបាលដែលត្រូវការពេលវេលាដើម្បីពិនិត្យបច្ចេកទេសដោយសហការជាមួយអង្គភាពការិយាល័យជំនាញនានានៃរដ្ឋបាលក្រុង /ស្រុក/ខណ្ឌក្នុងរយៈពេលមួយជាកំណត់។ បច្ចុប្បន្ននេះ ការិយាល័យច្រកចេញ-ចូលតែមួយ ផ្តល់សេវាលើ 17 វិស័យដូចខាងក្រោម៖

  1. ការងារនីត្យានុកូលកម្ម
  2. ការងាររដ្ឋបាល
  3. ការងារអត្រានុកូលដ្ឋាន
  4. វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
  5. វិស័យអប់រំ យុវជន និងកីឡា
  6. វិស័យទេសចរណ៍
  7. វិស័យសំណង់
  8. ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី
  9. វិស័យឧស្សាហកម្ម និងសិប្បកម្ម
  10. វិស័យពាណិជ្ជកម្ម
  11. វិស័យសុខាភិបាល
  12. វិស័យសាធារណការ និងដឹកជញ្ជូន
  13. វិស័យកសិកម្ម
  14. វិស័យរ៉ែ និងថាមពល
  15. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  16. វិស័យធម្មការ និងសាសនា
  17. វិស័យបរិស្ថាន