ព័ត៌មានលម្អិត

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២)

ថ្ងៃចេញផ្សាយ: February 18, 2023

ប្រភព: OWSO

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២)
………………………………
ខេត្តបន្ទាយមានជ័យ៖ សិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ដែលបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ត្រូវបានរៀបចំពិធីបិទនារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងសមាជិកសមាជិកាដែលអញ្ជើញមកពីរាជធានី ខេត្តទាំង២៥ សរុបចំនួន ៥៥៥រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឡើងធ្វើសេចក្តីរបាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលារយៈពេល០២ថ្ងៃកន្លងមក ដោយបង្ហាញពីគោលបំណង លទ្ធផលសម្រេចបាន ព្រមទាំងគូសបញ្ជាក់អំពីការចូលរួមយ៉ាងផុសផុលពីសមាជិកសមាជិកាទាំងអស់ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលគួរជាទីពេញចិត្ត។
បន្ទាប់មក ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដែលបានជួយសហការរៀបចំ និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់សមាជិកសមាជិកាមកពីរាជធានី ខេត្តទាំង២៥ ព្រមទាំងបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវត្តមានតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងសមាជិកសមាជិកាដែលបានអញ្ជើញមកចូលរួមក្នុងសិក្ខាសាលារយៈពេល០២ថ្ងៃនេះ សម្រេចបានជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះតំណាងដៃគូអភិវឌ្ឍ រួមមានអង្គការ GIZ (គម្រោងការធ្វើឱ្យប្រសើរឡើងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ-ISD) អង្គការតម្លាភាពកម្ពុជា និងអង្គការ ActionAids កម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំសិក្ខាសាលា និងការពិគ្រោះយោបល់នេះ ក៏ដូចជាការជួយគាំទ្រលើការអនុវត្តសកម្មភាពនានាពាក់ព័ន្ធនឹងការងារកំណែទម្រង់ការផ្ដល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលកន្លងមក។
ឯកឧត្តមមានប្រសាសន៍ថា លទ្ធផលនៃការធ្វើកំណែទម្រង់ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងដោយការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានលទ្ធផលជាវិជ្ជមានគួរជាទីមោទនៈ។ ឯកឧត្តមបញ្ជាក់ថា តាមរយៈបទពិសោធន៍នៃការអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក និងតាមការវាយតម្លៃនានា យើងអាចធ្វើការសន្និដ្ឋានបានថា ការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការការិយាល័យច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋ ពិតជាទទួលបានលទ្ធផលជាវិជ្ជមាន មានគុណភាព ប្រសិទ្ធភាព តម្លាភាព និងភាពឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺភាពពេញចិត្ត និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួល និងប្រើប្រាស់សេវា។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាការវិវត្តន៍ឥតឈប់ឈរនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម និងដើម្បីចូលរួមចំណែកអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក៏បានផ្ដោតការយកចិត្តទុកដាក់លើការពងឹ្រងប្រសិទ្ធភាពនៃការបំពេញការងារ តាមរយៈការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាល និងការទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិច។
បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ បានរៀបចំ និងដាក់ចេញផែនការសកម្មភាពនានាក្នុងការធ្វើទំនើបកម្មការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលក្នុងនោះសកម្មភាពអាទិភាពជាចម្បងមួយ គឺការរៀបចំឱ្យមានការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវា បង់កម្រៃសេវា និងតាមដានដំណើរការនៃការស្នើសុំសេវាតាមប្រព័ន្ធព័ត៌មានវិទ្យាបានដោយខ្លួនឯង។
     

ព័ត៌មានថ្មីៗ

មតិយោបល់