ព័ត៌មានលម្អិត

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ថ្ងៃចេញផ្សាយ: November 15, 2022

ប្រភព: OWSO

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងារប្រចាំឆ្នាំ២០២២ របស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីផងដែរពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានមុខងារ និងធនធាន អភិបាលរងខេត្តកំពង់ឆ្នាំង នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង តំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌចំនួន១៩២គោលដៅ សរុបអ្នកចូលរួមប្រមាណជាង២០០នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានជម្រាបអំពីសារៈសំខាន់នៃការរៀបចំសិក្ខាសាលាលើកនេះ ដែលវានឹងផ្តល់ឱកាសជូនលោក លោកស្រីជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌលើកឡើងអំពីបញ្ហាប្រឈម ចែករំលែក និងរៀនសូត្របទពិសោធន៍ល្អពីគ្នាទៅវិញទៅមក តាមរយៈការធ្វើបទបង្ហាញលើប្រធានបទផ្សេងៗគ្នារបស់ប្រធានការិយាល័យនៃក្រុង ស្រុកគោលដៅដែលក្រសួងបានជ្រើសរើស។
ចុងក្រោយ ឯកឧត្តមក៏បានស្នើសុំលោក លោកស្រីជាប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌដែលមានវត្តមាននៅក្នុងសិក្ខាសាលាទាំងអស់ត្រូវចូលរួមបញ្ចេញមតិយោបល់ និងពិភាក្សាឱ្យបានផុលផុសទៅលើប្រធានបទសំខាន់ៗ នៅក្នុងក្រុមពិភាក្សានីមួយៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឱ្យក្រុមការងារនាយកដ្ឋានមុខងារ និងធនធានកត់ត្រាទុកឱ្យបានច្បាសលាស់នូវសំណើ សំណូមពរនានាដែលបានលើកឡើងនៅក្នុងអង្គសិក្ខាសាលានេះ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងរៀបចំជាផែនការសម្រាប់គាំទ្រដល់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌនៅឆ្នាំបន្តបន្ទាប់ទៀត។

ព័ត៌មានថ្មីៗ

មតិយោបល់