ព័ត៌មានលម្អិត

ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ពិធីនេះមានការអញ្ជើញពីឯកឧត្តម អុឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំនៃនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋ និងជំនួយការការិយាល័យដែលអញ្ជើញមកពីក្រុងស្រុកនៃខេត្តគោលដៅចំនួន១០។

តាមរយ:របាយការណ៍លទ្ធផលនៃវគ្គបណ្ដុះបណ្ដាលរបស់ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បង្ហាញថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ពិតជាមានសារ:សំខាន់ និងចាំបាច់សម្រាប់ប្រធាន និងជំនួយការការិយាល័យប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង បទពិសោធន៍ និងការណែនាំថ្មីៗដើម្បីយកទៅអនុវត្តការងារឱ្យមានប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានថ្លែងកោតសរសើរដោយធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការរៀបចំវគ្គបណ្ដុះបណ្ដាលដែលកើតចេញមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូឧទ្ទេសនៃនាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងសិក្ខាកាមដែលបានយកចិត្តទុកដាក់ស្ដាប់នូវការធ្វើបទបង្ហាញ និងបានចូលរួមយ៉ាងផុលផុសនៅក្នុងវគ្គបណ្ដុះបណ្ដាលតាំងពីដើមរហូតដល់ចប់វគ្គ ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន។

ជាទីបញ្ចប់ ឯកឧត្តមក៏បានផ្ដល់នូវមតិផ្ដាំផ្ញើដល់សិក្ខាកាមឱ្យយកចំណេះដឹងដែលទទួលបានពីការចូលរួមនៅក្នុងវគ្គបណ្ដុះបណ្ដាលនេះទៅអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យស្របតាមលិខិតបទដ្ឋានដែលបានកំណត់ ក្នុងគោលបំណងដើម្បីដោះស្រាយភាពមិនពេញចិត្តរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្ដល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។

ព័ត៌មានថ្មីៗ

មតិយោបល់