សៀមរាប៖ ព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តសៀមរាប។
ពិធីនេះក៏មានការអញ្ជើញជាអធិបតីពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម អស់លោក លោកស្រី អគ្គនាយកដ្ឋានរង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីបុគ្គលិកក្រុមការងារនៃក្រសួងមហាផ្ទៃ នាយក-នាយករងរដ្ឋបាលរាជធានី ខេត្ត និងប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត សរុបចំនួន៦០រូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ប្រាក់ សំអឿន បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់អង្គភាពច្រកចេញចូលតែមួយទាំង២៥រាជធានី ខេត្ត ព្រមទាំងមានប្រសាសន៍ថ្លែងកោតសរសើរមន្រ្តីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដែលមានតម្រូវការចាំបាច់ក្នុងការស្នើសុំសេវារដ្ឋបាល បានយ៉ាងល្អប្រសើរ បើទោះបីជាមានតំបន់មួយចំនួនត្រូវបានបិទដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តែងតែរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅការងារឆ្នាំបន្ទាប់សម្រាប់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមានទាំងថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌរួមគ្នា ប៉ុន្ដែដោយសាររយៈពេលពីរឆ្នាំនេះ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ហេតុដូច្នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានសម្រេចរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២២ សម្រាប់តែការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដាច់ដោយឡែក។
ឯកឧត្តមក៏បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗ នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំនេះ ដូចខាងក្រោម៖
១. បង្ហាញលទ្ធផលនៃការអនុវត្តការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការគាំទ្រ និងការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងរយៈពេល១១ខែឆ្នាំ២០២១
២. ចែករំលែកបទពិសោធន៍នៃការអនុវត្តការងារ ព្រមទាំងវិធីសាស្រ្តនៃការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់អង្គភាពច្រកចេញចូលតែមួយ
៣. ជជែកពិភាក្សា និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមជារួមលើការផ្តល់សេវារដ្ឋបាល
៤.លើកទិសដៅសកម្មភាពការងារសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់តម្រង់ទិសយកទៅអនុវត្តក្នុងឆ្នាំ២០២២។