ព័ត៌មានលម្អិត
ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលប្រចាំឆមាសទី១ឆ្នាំ២០២១របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តតាមរយៈ Video Conference
ប្រភព: OWSO
នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានអញ្ជើញបើកកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនិងបញ្ហាប្រឈមនៃការផ្តល់សេវារដ្ឋបាលប្រចាំឆមាសទី១ឆ្នាំ២០២១របស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត ក្នុងគោលបំណងពិនិត្យមើលលទ្ធផលការងារ ព្រមទាំងរកដំណោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាល។
ឯកឧត្តមបានថ្លែងថា កិច្ចប្រជុំនេះ គឺជាវេទិកាមួយដែលអនុញ្ញាតឱ្យប្រធានអង្គភាពច្រកចេញចូលតែមួយទាំងអស់ ចែករំលែកនូវបទពិសោធន៍ល្អៗ និងជជែកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក ព្រមទាំងផ្តល់នូវធាតុចូលជូនដល់ក្រុមការងារដើម្បីបន្តគាំទ្រ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលតាមរយៈអង្គភាពច្រកចេញចូលតែមួយឱ្យបានកាន់តែល្អប្រសើរឡើង។ ជាពិសេសខណៈពេលនេះ ប្រទេសយើងត្រូវប្រឈមនឹងឆ្លងការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែតម្រូវការសេវារដ្ឋបាលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន នៅតែត្រូវការចាំបាច់ ដែលយើងត្រូវរួមគ្នាបំពេញអោយបាន និងមានប្រសិទ្ធភាព។ ។ ឯកឧត្តមបានបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល ដែលមាននាយកដ្ឋានមុខងារ និងធនធាន ជាសេនាធិការលើការផ្ទេរមុខងារ និងការគាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតែបន្តខិតខំប្រឹងប្រែងជួយគាំទ្រដល់ការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត តាមរយៈការខិតខំសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំលិខិតបទដ្ឋានសម្រាប់គាំទ្រដល់ការអនុវត្តការងាររបស់អង្គភាពច្រកចេញចូលតែមួយ ព្រមទាំង ដាក់ចេញនូវទិសដៅការងារសំខាន់ និងចាំបាច់មួយចំនូនទៀត ដើម្បីជម្រុញប្រសិទ្ធភាព គុណភាព តម្លាភាពនៃការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរឡើង ធានាបាននូវទំនុកចិត្ត និងភាពពេញចិត្តពីប្រជាពលរដ្ឋ។ ជាចុងក្រោយ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរចំពោះ ប្រធានអង្គភាពច្រកចេញចូលតែមួយទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងសកម្មនាពេលកន្លងមក និងបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសកំណែទម្រង់ការផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោម។ ឯកឧត្តមបានស្នើដល់សមាជិកសមាជិកនៃកិច្ចប្រជុំព្រឹកនេះចូលរួមចែករំលែកមតិយោបល់ បទពិសោធន៍ការងារ បញ្ហាប្រឈម និងដំណោះស្រាយនានាឱ្យបានផុលផុស ដើម្បីកែលម្អដំណើរការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
