នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន និងសហការី បានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តកោះកុង។
កិច្ចប្រជុំមានការចូលរួមពីប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បុគ្គលិកទទួលបន្ទុកទទួលប្រគល់ឯកសារ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន៨០រូប។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ចំនួនពីរ រួមមាន៖ ១). ស្ដាប់មតិយោបល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តដែលជាអ្នកអនុវត្តកម្មវិធីព័ត៌មានវិទ្យានេះ ពាក់ព័ន្ធនឹងបទពិសោធន៍ និងបញ្ហាប្រឈមក្នុងការប្រើប្រាស់ ព្រមទាំងសំណូមពរនានាក្នុងការកែសម្រួលកម្មវិធីព័ត៌មានវិទ្យានេះ និង២).ផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ជូនថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពច្រកចេញចូលតែមួយ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម បួន ហេងមានប្រសាសន៍ថា នៅថ្ងៃអនាគតខាងមុខនេះ ការផ្តល់សេវារដ្ឋបាលក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវារដ្ឋបាលនៅពេលណាក៏បាន និងទីកន្លែងណាក៏បាន។
ឯកឧត្តមបន្តថា ក្រសួងមហាផ្ទៃតាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំបង្កើតកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងប្រទេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
ជារឿយៗ ក្រុមការងារបច្ចេកទេសបានរៀបចំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈមនៃការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ ព្រមទាំងបន្ថែមមុខងារថ្មីៗមួយចំនួនទៀត។
ក្រុមការងារបច្ចេកទេសក៏កំពុងធ្វើសន្ធានកម្មទិន្នន័យរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្ដល់សេវានៅក្នុងអង្គភាពច្រកចេញចូលតែមួយ ជាមួយកម្មវិធីព័ត៌មានវិទ្យារបស់ក្រសួង ស្ថាប័នដទៃ ដែលរួមមាន៖
• កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងលើការប្រមូលចំណូលមិនមែនសារពើពន្ធ (NRMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• ប្រព័ន្ធគ្រប់គ្រងប័ណ្ណព្រំដែនកម្ពុជា (Border Pass) ដែលគ្រប់គ្រងដោយនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
ទន្ទឹមនេះ អគ្គនាយកដ្ឋានរដ្ឋបាលក៏បានសហការជាមួយក្រុមហ៊ុន KESS Innovation ពង្រីកការអនុវត្តសាកល្បងការទូទាត់តាមរយៈប្រព័ន្ធធនាគារ (Payment Hub) ទៅខេត្តគោលដៅចំនួន៥បន្ថែមទៀត រួមមាន៖ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ស្ពឺ និងខេត្តកំពត។
ការទូទាត់តាមរយៈប្រព័ន្ធធនាគារនេះ នឹងបើកផ្លូវឱ្យមានការអនុវត្តការស្នើសុំសេវាតាមប្រព័ន្ធអនឡាញដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចស្នើសុំសេវារដ្ឋបាលនៅពេលណា និងទីកន្លែងណាក៏បាន នាពេលអនាគត។