រាជធានីភ្នំពេញៈ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាពិភាក្សា “ការរៀបចំអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល” នៅក្នុងព្រឹត្រិការណ៍ “ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២” (Cambodia Tech Expo 2022: CTX 2022) ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។
វេទិកាពិភាក្សា“ការរៀបចំអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល”នេះ មានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗចំនួន០៥រូប រួមមាន៖
១. ឯកឧត្តម ជា សេរីវឌ្ឍន៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
២. ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
៣. លោក Eric CONRAD នាយកគ្រប់គ្រងប្រចាំតំបន់ វិស័យសាធារណៈទូទាំងពិភពលោក អាស៊ាន AWS
៤. លោក Wong Tew Kiat នាយកប្រចាំប្រទេសនៃ Kepstar Data Center Management Co., Ltd
៥. ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មតេជោ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា «ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទធំមួយគឺ៖ «ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាតាមរយៈមូលធនមានទេពកោសល្យបច្ចេកវិទ្យា»។ នៅក្នុងពិធីនេះ ក៏បានរៀបចំឱ្យមានវេទិកាពិភាក្សា និងចែករំលែកបទពិសោធន៍រវាងវាគ្មិនជំនាញៗទៅលើការស្វែងយល់ពីប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រីកចំណេះដឹង ការបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច និងជាពិសេសការបង្កើតឱកាសវិនិយោគ ការរៀបចំអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថល និងសន្តិសុខតាមអ៊ីនធឺណិតនៅក្នុងសេដ្ឋកិច្ចឌីជីថល និងសង្គម។
«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២» ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ ចាត់ចែង និងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងដែលបានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
“ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២” មានការដាក់ស្តង់ពិព័រណ៍សរុបប្រមាណ ៤០០ ស្តង់ និងមានអ្នកចូលរួមមកពីស្ថាប័នរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍វិស័យឯកជន ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា ក្រុមហ៊ុនអេឡិចត្រូនិកនិងយានយន្ត ប្រតិបត្តិករទូរគមនាគមន៍ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណែត គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីបច្ចេកវិទ្យា។