ក្រសួងមហាផ្ទៃ៖ នារសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដឹកនាំដោយឯកឧត្តម បួន ហេង អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយរដ្ឋបាលរាជធានី ខេត្ត ចំនួន១២គោលដៅ ដើម្បីពិនិត្យអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងចំណូលលើប្រភេទសេវារដ្ឋបាលមួយចំនួនដែលផ្ដល់តាមប្រព័ន្ធព័ត៌មានវិទ្យា ឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានដែលបានកំណត់។
សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ប្រធានអង្គភាពច្រកចេញចូលតែមួយ រជ្ជទេយ្យករចំណូល និងបុគ្គលិកទទួលប្រគល់ឯកសារ ប្រមាណ ៤៤រូប នៃរដ្ឋបាលរាជធានី ខេត្តគោលដៅចំនួន១២ គឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងខេត្តកោះកុង។
ឯកឧត្តម បួន ហេង មានប្រសាសន៍ថា ពេលនេះ ក្រសួង ស្ថាប័នមួយចំនួនបានរៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ផ្ដល់សេវាតាមវិស័យជំនាញ ដែលក្នុងនោះក៏មានប្រភេទសេវាដែលត្រូវបានប្រតិភូកម្មឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា បើទោះជាមានការផ្ដល់សេវាតាមប្រព័ន្ធព័ត៌មានវិទ្យាក៏ដោយ ការគ្រប់គ្រងចំណូលដែលបានពីកម្រៃនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗទៀតតាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មមុខងារពីក្រសួង ស្ថាប័ននានានៅអង្គភាពច្រកចេញចូលតែមួយ ត្រូវតែអនុវត្តតាមរដ្ឋបាលរាជធានី ខេត្តសាមី។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលរាជធានី ខេត្តមួយចំនួនក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ជាក់ស្តែងរបស់ខ្លួនអំពីការផ្ដល់សេវា និងការគ្រប់គ្រងចំណូលក្នុងវិស័យជំនាញនីមួយៗ ដើម្បីជាមេរៀនជូនដល់រដ្ឋបាលផ្សេងៗទៀត និងជាមូលដ្ឋានក្នុងការពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផ្ទាល់។
ចុងក្រោយ ឯកឧត្តម ប្រធានអង្គប្រជុំ បានប្រមូលនូវរាល់បញ្ហាប្រឈម និង សំណូមពរនានាពីរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាល និងការគ្រប់គ្រងចំណូល ពិសេសតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការរៀបចំលិខិតបទដ្ឋានគាំទ្រដល់ការផ្ដល់សេវារដ្ឋបាល និងការគ្រប់គ្រងចំណូលដែលផ្ដល់តាមប្រព័ន្ធព័ត៌មានវិទ្យានេះ។