ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យមានរៀបចំពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ នាយក-នាយករងរដ្ឋបាលរាជធានី ខេត្ត ប្រធាន-អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ប្រធាន-អនុប្រធានអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត អភិបាល-អភិបាលរងក្រុង ស្រុក ខណ្ឌ ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ រួមទាំងដៃគូអភិវឌ្ឍន៍នានា សរុបចំនួន ៥៥៥រូប។
អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២) រយះពេល២ថ្ងៃ គឺថ្ងៃទី១៦ដល់ថ្ងៃទី១៧ ក្នុងគោលបំណងដើម្បីបង្ហាញជូនតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានាអំពីសមិទ្ធផលការងារដែលសម្រេចបាន ពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលតាមរយៈយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមរយៈការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៨ ដល់២០២២ ព្រមទាំងផ្ដល់ឱកាសឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិលើកឡើងពីបញ្ហាប្រឈម ឬសំណូមពរនានា និងពិភាក្សាដោយផ្ទាល់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់អំពីផែនការសកម្មភាពសម្រាប់អនុវត្តបន្ត។