ព័ត៌មានលម្អិត

ឯកឧត្តម ងី ច័ន្ទ្រផល៖ ការផ្ទេរមុខងារ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល

ថ្ងៃចេញផ្សាយ: February 16, 2023

ប្រភព: OWSO

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផល និងការពិគ្រោះយោបល់អំពីការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំដោយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការផ្ទេរមុខងារ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺក្នុងគោលបំណងបង្ខិតការធ្វើសេចក្តីសម្រេចចិត្តក្នុងការផ្តល់សេវាសាធារណៈឱ្យទៅកៀកជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបញ្ជាក់បន្ថែមថា មុខងារប្រមាណ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវាប្រមាណ៨០០ប្រភេទត្រូវបានធ្វើប្រតិភូកម្មដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈការិយាល័យច្រកចេញចូលតែមួយ។
ផ្អែកលើបទពិសោធន៍ និងការពេញចិត្តពីប្រជាពលរដ្ឋ សង្គមស៊ីវិល និងផ្នែកឯកជនលើយន្តការច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្ដល់សេវារដ្ឋបាលនៅគ្រប់ថ្នាក់រដ្ឋបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីបង្កើតឱ្យមានការិយាល័យប្រជាពលរដ្ឋសម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្ដឹងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
មកដល់ពេលនេះ យន្តការនេះត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការនៅរដ្ឋបាលថ្នាក់ក្រោមជាតិរួចរាល់ហើយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦នៃរដ្ឋសភា គឺ៖
១. នៅថ្នាក់រាជធានី ខេត្ត៖ បង្កើតឱ្យមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ដោយបានដាក់ឱ្យដំណើរការនៅគ្រប់រដ្ឋបាលរាជធានី ខេត្តជាផ្លូវការនៅដើមឆ្នាំ២០១៩។
២. នៅថ្នាក់ក្រុង ស្រុក ខណ្ឌ៖ បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយ ចាប់តាំងពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ននេះ មានចំនួន២០៤។ ប៉ុន្ដែការិយាល័យប្រជាពលរដ្ឋមិនទាន់បានរៀបចំឱ្យមានគ្រប់ក្រុង ស្រុក ខណ្ឌទាំង២០៤នៅឡើយទេ ដោយសាររដ្ឋបាលក្រុង ស្រុកមួយចំនួនមិនទាន់បោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ ស្របតាមលក្ខណសម្បត្តិកំណត់នៅឡើយ។
៣. នៅរដ្ឋបាលឃុំ សង្កាត់៖ បាននិងកំពុងដំណើរការរៀបចំ និងដាក់ឱ្យអនុវត្តយន្តការច្រកចេញចូលតែមួយ ស្របតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃលេខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ដីពីបែបបទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។

ព័ត៌មានថ្មីៗ

មតិយោបល់