ព័ត៌មានលម្អិត

អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំងសហការជាមួយអង្គការតម្លាភាពកម្ពុជា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីការផ្តល់សេវារដ្ឋបាល

ប្រភព: OWSO

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅសាលាស្រុករលាប្អៀរ មានរៀបចំវគ្គផ្សព្វផ្សាយស្តីពីការផ្តល់សេវារដ្ឋបាល និងការគ្រប់គ្រងថវិការបស់អង្គភាពច្រកចេញចូលតែមួយ ក្រោមកិច្ចសហការរៀបចំដោយអង្គភាពច្រកចេញចូលតែមួយ រដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការតម្លាភាពកម្ពុជា។

វគ្គផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង តំណាងអង្គការតម្លាភាពកម្ពុជា មន្ត្រីរដ្ឋបាលសាលាស្រុករលាប្អៀរ និងតំណាងប្រជាពលរដ្ឋដែលជាជនបង្គោលក្នុងស្រុករលាប្អៀរ សរុបប្រមាណ៣០រូប។

លោកស្រី ផល នីវៀរ៉ា អនុប្រធានអង្គភាពច្រកចេញចូលតែមួយ និងជាអ្នកសម្របសម្រួលក្នុងវគ្គផ្សព្វផ្សាយនេះបានមានប្រសាសន៍ថា វគ្គនេះរៀបចំឡើងដោយកិច្ចសហការជាមួយអង្គការតម្លាភាពកម្ពុជា ក្រោមការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងអង្គការអុកស្វាម (Oxfam) ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងសេវារដ្ឋបាលនានា ដែលកំពុងដំណើរការនៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង ព្រមទាំងជម្រុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យមកទទួលសេវានៅអង្គភាពច្រកចេញចូលតែមួយ។

លោកស្រីបានបន្តថា វគ្គនេះក៏បានបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ថវិកាដែលទទួលបានពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង។

លោកស្រីបានបញ្ជាក់បន្ថែមថា បន្ទាប់ពីវគ្គនេះទៅ អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ឆ្នាំង និងអង្គការតម្លាភាពកម្ពុជាគ្រោងនឹងរៀបចំថតវីដេអូឃ្លីបមួយអំពីការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយរួមទាំងការិយាល័យប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធបណ្តាញសង្គមនានា អោយបានកាន់តែទូលំទូលាយបន្ថែមទៀត។
—-
រូបភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង
អត្ថបទដោយ៖ ត.ប

ព័ត៌មានថ្មីៗ

មតិយោបល់