ព័ត៌មានលម្អិត

សិក្ខាសាលាពិគ្រោះ យោបល់ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង

ប្រភព: OWSO

នៅព្រឹកថៃ្ងទី០៩ ខែមិថុនា ឆ្នាំ២០២១ មានការរៀបចំសិក្ខាសាលាពិគ្រោះ យោបល់ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងតាមប្រព័ន្ធ Zoom ដែលរៀបចំឡើងដោយគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ (OW4C)។
សិក្ខាសាលានេះមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក អភិបាល អភិបាលរង ខេត្ត ក្រុង ស្រុក នាយករដ្ឋបាល ប្រធានអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យប្រជាពលរដ្ឋនៃខេត្តបាត់ដំបង និងក្រុងស្រុកគោលដៅទាំង៥របស់គម្រោង ព្រមទាំងអង្គការស៊ីវិល យុវជនស្ម័គ្រចិត្ត និងមន្ត្រីគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋ សរុបចំនួន៥០នាក់។

កិច្ចប្រជុំរយៈពេល១ព្រឹកនេះគឺរៀបចំឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការនុវត្តគម្រោង ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ក្រុង ស្រុកគោលដៅនិងសំណូមពរនានាលើកឡើងដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងស្រុកគោលដៅនៃគម្រោង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកបួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា គម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋដែលបានអនុវត្តក្នុងខេត្តបាត់ដំបងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ពិតជាមានសារៈសំខាន់ ជាពិសេស គម្រោងបានផ្តួចផ្តើមបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីតាមរយៈទំព័រហ្វេសប៊ុក ដែលអនុញ្ញាតអោយប្រជាពលរដ្ឋ មានជម្រើសថ្មីៗបន្ថែមទៀតក្នុងការទទួលបានព័ត៌មានស្តីពីសេវា ការភ្ជាប់ទំនាក់ទំនង និងចូលរួមជាមួយរដ្ឋបាល។ លោកបន្ថែមថា ការបង្កើតឧបករណ៍បច្ចេកវិទ្យាថ្មីរបស់គម្រោងនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅក្នុងកម្មវិធីជាតិ២០២០-២០៣០នេះ បានតម្រង់ទិសរដ្ឋបាលយើងក្លាយជារដ្ឋបាលមួយដែលមានលក្ខណទំណើបជាងមុន។ បច្ចុប្បន្ននេះ យើងបាន និងកំពុងសិក្សាពីជម្រើសនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីប្រែក្លាយរដ្ឋបាលយើងអោយជារដ្ឋបាលឌីជីថល (Digital government) ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានបង្ហាញនូវមោទនភាពចំពោះវត្តមានគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋក្នុងខេត្តបាត់ដំបង។ ឯកឧត្តមមានប្រសាសន៍ថា ការនុវត្តរបស់គម្រោងនេះពិតជាទទួលបានលទ្ធផលប្រសើរ ដែលរួមចំណែកធ្វើអោយប្រជាពលរដ្ឋទទួលបានព័ត៌មាន ក៏ដូចជាពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន។ ឯកឧត្តមក៏បានគាំទ្រគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយរដ្ឋបាលអោយក្លាយជារដ្ឋបាលឌីជីថលនៅពេលខាមុខនេះ ដើម្បីកាត់បន្ថយភាពស្មុគស្មាញនានាក៏ដូចជាជម្រុញការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការនៅមូលដ្ឋាន។

គួរបញ្ជាក់ថា គម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ(OW4C) គឺជាគម្រោងមួយរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីកិច្ចអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលត្រូវបានអនុវត្តរួមគ្នាដោយ ក្រុមហ៊ុន” Nickol Global Solutions” អង្គការInSTEDD និងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ(API) ។ គម្រោង OW4C នេះ គឺមានគោលបំណងភ្ជាប់ប្រជាពលរដ្ឋទៅនឹងព័ត៌មានប្រកបដោយតម្លាភាព សុក្រឹតភាព និងត្រឹមត្រូវរបស់ការិយាល័យច្រកចេញចូលតែមួយតាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីផ្តល់ព័ត៌មានចាំបាច់ជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ។ គម្រោងក៏នឹងលើកកម្ពស់កិច្ចពិភាក្សារវាងប្រជាពលរដ្ឋ និងការិយាល័យច្រកចេញចូលតែមួយផងដែរ។ គម្រោងមានរយៈពេល០៣ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែកញ្ញា ឆ្នាំ២០២២ ហើយសម្រាប់ឆ្នាំទី១ គម្រោងនេះត្រូវអនុវត្តនៅក្នុងខេត្តបាត់ដំបង។ មកដល់ពេលនេះ គឺជាឆ្នាំទី៣ដែលគម្រោងបាន និងកំពុងពង្រីកទៅកាន់ខេត្ត២ទៀតគឺខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ។
 

ព័ត៌មានថ្មីៗ

មតិយោបល់