ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួង ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត

ប្រភព: OWSO

នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី ខេត្ត តាមរយៈ Video Conference Zoom ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម លោកជំទាវអភិបាល អភិបាលរងរាជធានី ខេត្ត លោក លោកស្រីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រីប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៨០រូប។

ក្នុងពិធីបើកសិក្ខាសាលា អង្គពិធីមានកិត្តិយសដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ សូមបញ្ជាក់ថា៖ ស្របទៅតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីបែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅរដ្ឋបាលរាជធានី ខេត្ត ដូច្នេះដើម្បីធានាដល់ការផ្តល់សេវារដ្ឋបាលស្របតាមនីតិវិធីកំណត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំសិក្ខាសាលានេះឡើងដើម្បីឱ្យការអនុវត្តសេចក្តីណែនាំអន្តរក្រសួងនេះប្រកបដោយប្រសិទ្ធភាព និងផ្សព្វផ្សាយបានទូលំទូលាយដល់អ្នកពាក់ព័ន្ធ។ សិក្ខាសាលានេះមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។

ព័ត៌មានថ្មីៗ

មតិយោបល់