ព័ត៌មានលម្អិត

សិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ

ប្រភព: OWSO

ខេត្តក្រចេះ៖ លោក អ៊ឹង កែវរតនៈ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន តំណាងឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញចួលរួមក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយសេចក្តីណែនាំអន្តរក្រសួងស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រង និងការផ្តល់សេវារដ្ឋបាលក្នុងវិស័យដឹកជញ្ជូនផ្លូវគោកនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តក្រចេះ ។

ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីដោយឯកឧត្តម សួន រចនា រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស្រេង សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរួមពីតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងមន្រ្តីជំនាញ សរុបចំនួន១៥០នាក់ ដែលបានអញ្ជើញមកពីខេត្តគោលដៅចំនួន ៦ រួមមាន៖ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យយល់ច្បាស់អំពីនីតិវិធី បែបបទនៃការផ្តល់សេវាលើវិស័យដឹកជញ្ជូនផ្លូវគោក ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍មន្រ្តីអនុវត្តការងារនៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ និងដើម្បីលើកកំពស់ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕

ការផ្សព្វផ្សាយលើសេចក្តីណែនាំអន្តរក្រសួងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការកំណែទម្រង់ការផ្តល់សេវារដ្ឋបាលលើវិស័យដឹកជញ្ជូននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមុខងារចំនួន៤ រួមមាន៖ (១)ការគ្រប់គ្រងការចុះបញ្ជី និងការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានជួសជុល កែច្នៃដំឡើងទោចក្រយានយន្ត (២)សេវាចុះបញ្ជីទោចក្រយានយន្ត (ចុះបញ្ជី ប្តូរទុតិយតា និងតតិយតាបណ្ណសម្គាល់ ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខ) (៣)សេវាចុះបញ្ជីត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត(ចុះបញ្ជីត្រីចក្រយានយន្ត ចុះបញ្ជីរ៉ឺម៉កទោចក្រយានយន្ត ប្តូរ ទុតិយតា និង តតិយតាបណ្ណសម្គាល់ត្រីចក្រយានយន្ត ប្តូរ ទុតិយតា និងតតិយតាផ្លាកលេខសម្គាល់ត្រីចក្រយានយន្ត និងរ៉ឺម៉កទោចក្រយានយន្ត) និង (៤)ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺម៉ក(ប្រគល់ ទុតិយតា និងតតិយតា វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេស)។
—–
អត្ថបទដោយ៖ ប.រ

ព័ត៌មានថ្មីៗ

មតិយោបល់