ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” ជំហានទី២

ថ្ងៃចេញផ្សាយ: March 17, 2023

ប្រភព: OWSO

ខេត្តសៀមរាប៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ” រយៈពេល០៣ថ្ងៃ ជូនដល់រដ្ឋបាលក្រុង ស្រុកចំនួន៤៦គោលដៅ។
ផ្អែកតាមលទ្ធផលនៃការអនុវត្តសាកល្បងប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយជំហានទីមួយកន្លងមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ពង្រីកការអនុវត្តសាកល្បងសម្រាប់ជំហានទី២ ដល់ ក្រុងស្រុក៤៦គោលដៅបន្ថែមទៀត ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលចំនួន៣វគ្គផ្សេងគ្នាជាបន្តបន្ទាប់។
វគ្គទី១នេះ គឺរៀបចំឡើងរយៈពេល០៣ថ្ងៃ នៅសាលប្រជុំសាលាខេត្តសៀមរាប គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមជាប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ និងមន្ត្រីជួរមុខទទួល-ប្រគល់ឯកសារនៃរដ្ឋបាលក្រុង ស្រុកចំនួន១៥គោលដៅ រួមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ក្រុងស្ទឹងសែន ក្រុងកំពង់ឆ្នាំង ក្រុងក្រចេះ ក្រុងព្រះវិហារ ក្រុងសែនមនោរម្យ ក្រុងបានលុង ក្រុងសៀមរាប ក្រុងស្ទឹងត្រែង ក្រុងសំរោង ក្រុងសួង ក្រុងពោធិ៍សាត់ ក្រុងប៉ៃលិន និងស្រុកសាលាក្រៅ សរុបចំនួនប្រមាណ៥៥រូប។
នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនារសៀលថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការចួលរួមរបស់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល។
ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់សិក្ខាកាម ពិសេសប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវធ្វើការរាយការណ៍ជូនថ្នាក់ដឹកនាំក្រុង ស្រុករបស់ខ្លួនអំពីការដាក់អោយអនុវត្តកម្មវិធីព័ត៌មានវិទ្យា និងរៀបចំពិធីផ្សព្វផ្សាយដល់ទៅដល់មន្ត្រីពាក់ព័ន្ធនៅរដ្ឋបាលក្រុង ស្រុក និងពិនិត្យរៀបចំឧបករណ៍សំភារៈ និងបណ្តាញអ៊ីនធឺណិតល្បឿនលឿនដើម្បីឆ្លើយតបទៅនឹងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ។
សូមបញ្ជាក់ថា ក្នុងការអនុវត្តសាកល្បងជំហានទី០១ គឺមានក្រុង ស្រុក ខណ្ឌគោលដៅចំនួន៤៩គោលដៅបានដាក់ឱ្យអនុវត្ត និងប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ។
ឯកឧត្តម បួន ហេង មានប្រសាសន៍បន្ថែមថា ការដាក់ឱ្យអនុវត្តកម្មវិធីប្រព័ន្ធព័ត៌មានវិទ្យានេះ គឺដើម្បីជួយសម្រួលដល់ការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។

ព័ត៌មានថ្មីៗ

មតិយោបល់