នាព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយចំនួន៥៣ក្រុង ស្រុក ខណ្ឌ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមផ្ទាល់ពីរដ្ឋបាលក្រុង ស្រុកចំនួន៥ រួមមាន ក្រុងបូកគោ ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកទឹកឈូនៃខេត្តកំពត ព្រមទាំងក្រុងកែបនៃខេត្តកែប។ ចំណែករដ្ឋបាលក្រុង ស្រុក ខណ្ឌ ចំនួន៤៨ផ្សេងទៀតត្រូវចូលរួមតាមរយៈប្រព័ន្ធ Video Conference (ZOOM Meeting) ដើម្បីឱ្យស្របទៅនឹងស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងការរីករាលដាលនូវជំងឺកូវីដ-១៩។
គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់នូវចំណេះដឹង និងបង្កើនសមត្ថភាពជូនថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធ ដែលត្រូវបំពេញការងារផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពី៖ ១)គោលការណ៍ និងទស្សនទាននៃការផ្តល់សេវារដ្ឋបាល ២)តួនាទី ភារកិច្ច របៀបរបបបំពេញការងារ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាល និង៣)ការធ្វើបដិសណ្ឋារកិច្ចនៅក្នុងការផ្តល់សេវារដ្ឋបាល ដែលបទបង្ហាញទាំងនេះត្រូវបានឧទ្ទេសនាមដោយក្រុមគ្រូបង្គោលរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រី ជាគ្រូបង្គោល និងមន្ត្រីសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាល លោក លោកស្រី នាយករដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រធាន អនុប្រធានការិយាល័យ បុគ្គលិកផ្នែកជួរមុខ និងបុគ្គលិកផ្នែកជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានវត្តមាននៅទីនេះ និងកំពុងចូលរួមតាមរយៈប្រព័ន្ធ ZOOM សរុបប្រមាណជាង៨៨៦នាក់ ក្នុងនោះអ្នកចូលរួមផ្ទាល់សរុបប្រមាណ ៧០នាក់។
បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ស្វាគមន៍ សំណេះសំណាល និងចាប់អារម្មណ៍ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនៅក្នុងទឹកដីខេត្តកំពតរួចហើយ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក៏បានថ្លែងមតិសំណេះសំណាល និងបើកវគ្គបណ្តុះបណ្តាល។ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា ផ្អែកតាមការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទំនាក់ទំនងការងារ និងការគ្រប់គ្រងរដ្ឋបាលដែលមានលក្ខណៈខ្សែទទឹង និងខ្សែបណ្តោយត្រូវបានបញ្ចប់ ហើយរាជរដ្ឋាភិបាលបានសម្រេចធ្វើការកែសម្រួលទៅជារចនាសម្ព័ន្ធគ្រប់គ្រងមួយតាមគោលការណ៍រដ្ឋបាលឯកភាពពេញលេញ ដោយបានផ្ដល់សិទ្ធិអំណាចបន្ថែមទៀតដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្របសម្រួល និងអន្តរាគមន៍លើកិច្ចការនានាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ដូច្នេះក្នុងពេលនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវធ្វើការពិនិត្យ និងកែសម្រួលលិខិតបទដ្ឋានពាក់ព័ន្ធឡើងវិញ ដែលក្នុងនោះ ក៏មានលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយផងដែរ។
ឯកឧត្តមបានបន្តថា ការរៀបចំការិយាល័យច្រកចេញចូលតែមួយក្នុងបរិបទថ្មីនេះបានធ្វើឡើងស្របគ្នាទៅនឹងស្ថានភាពកំណែទម្រង់មុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានផ្សារភ្ជាប់ទៅនឹងចក្ខុវិស័យរបស់កម្មវិធីជាតិដំណាក់កាលទី២ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដែលមានគោលបំណងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាសម្រាប់ការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ និងការរៀបចំរដ្ឋបាលអេឡិចត្រូនិចផងដែរ។
នៅក្នុងការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តសិក្សា រៀបចំគោលការណ៍បែបបទ នីតិវិធីនៃការអនុវត្តមុខងារ ទាំងមុខងារសម្រាប់ការអភិវឌ្ឍ និងមុខងារផ្ដល់សេវារដ្ឋបាល ដែលរាជរដ្ឋាភិបាលបានប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យការអនុវត្តមុខងារទាំងនោះកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះផងដែរ ដើម្បីអនុវត្តកិច្ចការនេះអោយមានប្រសិទ្ធភាព រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវរៀបចំចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្ន័យមូលដ្ឋានអាជីវកម្ម សិប្បកម្ម និងសេវាកម្មនានា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដឹងអំពីសក្តានុពលសេដ្ឋកិច្ចមូលដ្ឋានរបស់ខ្លួនសម្រាប់បន្តជំរុញ និងពង្រីកការវិនិយោគនៅមូលដ្ឋាន ក្នុងគោលដៅបង្កើតការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ។