ព័ត៌មានលម្អិត

វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីស៊ើបអង្កេតសម្រាប់ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត” តាមរយ:កម្មវិធីZOOM

ប្រភព: OWSO

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា (TIC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីស៊ើបអង្កេតសម្រាប់ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត” តាមរយ:កម្មវិធីZOOM។

នៅក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញបើកវគ្គដោយលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន និងការអញ្ជើញចូលរួមពីលោក តូច ថុន អនុប្រធាននាយកដ្ឋាន ឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលជាគ្រូបង្គោល ព្រមទាំងមន្ត្រីសម្របសម្រួលថ្នាក់ជាតិចំនួន៨រូបផងដែរ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក បួន ហេង មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីបំពេញបន្ថែម និងពង្រឹងសមត្ថភាពដល់ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ពិសេសអំពីនីតិវិធីនៃការស៊ើបអង្កេត ដើម្បីសម្រុះសម្រួលដោះស្រាយបណ្តឹង។

លោកប្រធានមានប្រសាសន៍បន្ថែមថា ក្នុងបរិបទនៃការរីករាលដាលជម្ងឺកូវីដ១៩នេះ ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត រួមទាំងប្រធានផ្នែកទាំង២ផ្នែកនៃការិយាល័យនេះ ត្រូវចេះប្រើប្រាស់វិធីសាស្ត្រថ្មីដើម្បីអោយការបំពេញការងារប្រព្រឹត្តទៅបានសមស្រប ហើយវគ្គបណ្តុះបណ្តាលនេះក៏នឹងលើកបង្ហាញនូវវិធីសាស្ត្រថ្មីមួយចំនួនក្នុងការបំពេញការងាររបស់ការិយាល័យប្រជាពលរដ្ឋផងដែរ។

វគ្គបណ្តុះបណ្តាលដែលមានរយ:ពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ មានការអញ្ជើញសិក្ខាកាមចូលរួមជាប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ទើបតែជាប់ឆ្នោតថ្មីចំនួន០៣ខេត្តគឺ៖ ខេត្តតាកែវ ខេត្តកណ្តាល និងខេត្តកំពត ព្រមទាំងប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋទាំង២៥រាជធានី ខេត្តសរុបប្រមាណ៥៨រូប។

នៅក្នុងការបណ្តុះបណ្តាលនេះ នឹងមានការធ្វើតេស្តមុនវគ្គ និងក្រោយវគ្គ ព្រមទាំងធ្វើបទបង្ហាញលើប្រធានបទចំនួន០៥ ដូចខាងក្រោម៖
– សមត្ថកិច្ច សិទ្ធិអំណាច និងតួនាទីភារកិច្ចការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
– របៀបរបបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត
– នីតិវិធីនៃការទទួល និងសម្រាំងពាក្យបណ្តឹង
– នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹង
– នីតិវិធីស៊ើបអង្កេត។

ព័ត៌មានថ្មីៗ

មតិយោបល់