ព័ត៌មានលម្អិត

លោក បួន ហេង៖ សូមកុំបន្ថែមសង្វាក់រដ្ឋបាលក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋដែលខុសពីការណែនាំរបស់ក្រសួងមហាផ្ទៃ

ប្រភព: OWSO

ខេត្តកំពង់ធំ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ នៅសាលប្រជុំសាលាខេត្តកំពង់ធំ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា “រដ្ឋបាលក្រុង ស្រុក ខណ្ឌ មិនត្រូវបង្កើនសង្វាក់រដ្ឋបាលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលខុសពីការណែនាំរបស់ក្រសួងមហាផ្ទៃឡើយ”។
លោកប្រធានបានផ្តាំផ្ញើដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់ សូមធ្វើការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យស្របតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន ជាពិសេសបែបបទ និងនីតិវិធីដែលបានកែសម្រួលថ្មីនេះ។
លោកមានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាល គឺជាការពិនិត្យទៅលើឯកសារប៉ុណ្ណោះ ដូច្នេះអោយតែត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គឺត្រូវផ្តល់ជូនគាត់ទៅ សូមកុំបន្ថែមសង្វាក់រដ្ឋបាលអោយស្មុគស្មាញដល់ប្រជាពលរដ្ឋថែមទៀត។
លោកមានប្រសាសន៍បន្ថែមថា ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ គឺជាការបន្ថយនូវភាពស្មុគ្រស្មាញរបស់ប្រជាពលរដ្ឋ កាត់បន្ថយការិយាធិបតេយ្យ និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកំពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យចំនួន០៣ រួមមានអនុក្រឹត្យលេខ១៨២, ១៨៣ និង១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយបានរៀបចំកែសម្រួលឡើងវិញនូវមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។ អនុក្រឹត្យទាំងនេះបានតម្រូវឱ្យធ្វើសមាហរណកម្មការិយាល័យជំនាញរបស់ក្រសួង ស្ថាប័ននានានៅថ្នាក់ក្រុង ស្រុក ខណ្ឌ ចូលទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលធ្វើឱ្យមន្រ្តីរបស់ការិយាល័យ អង្គភាពជំនាញនានាក្លាយទៅជាមន្រ្តីក្នុងក្របខណ្ឌតែមួយរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។ អនុក្រឹត្យទាំង៣នេះក៏បានកំណត់បង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងពងី្រកមុខងារក្នុងការផ្ដល់សេវារដ្ឋបាលថ្មីៗបន្ថែមទៀតផងដែរ។
បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌរួចហើយ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈនាយកដ្ឋានមុខងារ និងធនធាន ដែលជាសេនាធិការ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយ ដែលបានកែសម្រួលថ្មី ជាបន្តបន្ទាប់ចំនួន៤លើក រួចរាល់ ជូនដល់ក្រុង ស្រុក ខណ្ឌទាំង២០៣នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះដែរ ក្រសួងមហាផ្ទៃ បាន និងកំពុងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដែលបានផ្ទេរមុខងារជូនរដ្ឋបាលក្រុង ស្រុក ខណ្ឌដើម្បីផ្តល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសតាមវិស័យនីមួយៗ ដើម្បីធានាការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព គណនេយ្យភាព និងឆ្លើយតបទាន់ពេលវេលា និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ព័ត៌មានថ្មីៗ

មតិយោបល់