ព័ត៌មានលម្អិត

ពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីស៊ើបអង្កេតសម្រាប់ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត” តាមរយ:កម្មវិធីZOOM

ប្រភព: OWSO

នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី “នីតិវិធីស៊ើបអង្កេតសម្រាប់ប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត” តាមរយៈកម្មវិធីZOOM។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឌុក ណារ៉េត ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន និងលោក ឈាវ ណាក់ ប្រធានគ្រប់គ្រងគម្រោងសាលាអភិបាលកិច្ចនៃអង្គការតម្លាភាពកម្ពុជា(TIC) រួមទាំងក្រុមការងារសម្របសម្រួលថ្នាក់ជាតិសរុបប្រមាណ០៨រូបផងដែរ។

ថ្លែងក្នុងពិធីនោះ លោក ឈាវ ណាក់ តំណាងអង្គការតម្លាភាពកម្ពុជា(TIC) បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាល។ លោកមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល០២ថ្ងៃនេះពិតជាទទួលបានលទ្ធផលផ្លែផ្កាយ៉ាងល្អប្រសើរ ជាពិសេសបានផ្តល់នូវចំណេះដឹង និងជំនាញមួយផ្នែកធំសម្រាប់ការបំពេញការងារដែលទាក់ទងនឹងតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងឈានទៅបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវារបស់រដ្ឋបាលរាជធានី ខេត្ត។

លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន មានប្រសាសន៍លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមមានការចូលរួមយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ បញ្ហាប្រឈមនានា ព្រមទាំងការចែករំលែកបទពិសោធន៍ជាច្រើន ទាក់ទងនឹងការសម្រុះសម្រួលដោះស្រាយបណ្តឹង។

លោកបានគូសបញ្ជាក់ផងដែរថា ប្រធានផ្នែកទាំង២ ជាជំនួយការឱ្យការិយាល័យប្រជាពលរដ្ឋ ដូច្នេះត្រូវបំពេញការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ត្រូវមានភាពស៊ីសង្វាក់គ្នា គោរពតាមឋានានុក្រមការងារ និងគោលការណ៍រក្សាសម្ងាត់ផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ដោយបានអញ្ជើញសិក្ខាកាមចូលរួមជាប្រធាន និងអនុប្រធានការិយាល័យប្រជាពលរដ្ឋទើបជាប់ឆ្នោតថ្មីចំនួន៣ខេត្តគឺ៖ ខេត្តតាកែវ កណ្តាល និងខេត្តកំពត ព្រមទាំងប្រធានផ្នែកនៃការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្តទាំង២៥រាជធានី ខេត្ត សរុបប្រមាណ៥៨រូប។

ចុងបញ្ចប់នៃកម្មវិធី លោកតូច ថុន ក៏បានផ្តល់មតិថ្លែងអំណរគុណ និងផ្តាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គរយះពេល២ថ្ងៃនេះ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅបំពេញការងារប្រកបដោយការទទួលខុសត្រូវ ពិសេសខិតខំបំពេញការងារដោយមានមនសិការខ្ពស់ និងព្យាយាមទំនាក់ទំនងមកក្រុមការងារថ្នាក់ជាតិដើម្បីផ្លាស់ប្តូរយោបល់ ព្រមទាំងជូនពរដល់សិក្ខាកាមចូលរួមទាំងអស់ឱ្យទទួលបានសុខភាពមាំមួន ជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។

ព័ត៌មានថ្មីៗ

មតិយោបល់